(ភ្នំពេញ)៖ កីឡាករការ៉ាតេជម្រើសជាតិកម្ពុជា ស្រៀង វីរៈ បានប្ដេជ្ញាខិតខំហ្វឹកហាត់កាន់តែខ្លាំង ដើម្បីឈានទៅប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២លើកចំពោះមុខ រួមមានស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ ខាងមុខ និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ការគូសបញ្ជាក់នេះបន្ទាប់ពី វីរៈ បានក្លាយជាកីឡាករកម្ពុជាតែម្នាក់គត់ ដែលដណ្ដើមបានមេដាយមាស ក្នុងការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ (The 9th South East Asian Karate Championship) ឆ្នាំ២០២២ លើវិញ្ញសាប្រយុទ្ធបុរសទម្ងន់ក្រោម ៨៤គីឡូក្រាម កាលពីថ្មីៗកន្លងទៅ។

កីឡាករកម្ពស់បានរូបនេះ បានសម្ដែងការសប្បាយចិត្តជាខ្លាំងដែលខ្លួនអាចយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយបានយកឈ្នះជើងខ្លាំងម៉ាឡេស៊ី S Gnanasekaran Kathish ដើម្បីគ្រងជើងឯក។ តែយ៉ាងណារូបគេនៅតែខំប្រឹងបន្ថែមទៀត ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ។

វីរៈ បានបន្ដថា «ខ្ញុំត្រៀមខ្លួនរួចជាស្រេច។ ខ្ញុំត្រូវតែហ្វឹកហាត់បន្តរាល់ថ្ងៃ ដើម្បីយកមេដាយស៊ីហ្គេមជូនជាតិឲ្យបាន។ នៅស៊ីហ្គេម ដៃគូកាន់តែមានកម្រិតកាន់តែខ្លាំង អ៊ីចឹងខ្ញុំខិតខំហ្វឹកហាត់បន្តទៀត មិនអាចបន្ធូរដៃបានឡើយ ហ្វឹកហាត់រហូត រហូតដល់ថ្ងៃប្រកួត»

គួរបញ្ជាក់ថា ការឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាការ៉ាតេជើងឯកអាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ កាលពីថ្មីៗ ត្រូវបានមន្ដ្រីសហព័ន្ធចាត់ទុកជាជោគជ័យលើការរំពឹងទុកមួយ ហើយក៏ជាសញ្ញាណវិជ្ជមាន ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា៕