(ម៉ៃអាមី)៖ កីឡាការិនីជប៉ុន Naomi Osaka បានវាយទម្លាក់គូប្រជែង Belinda Bencic របស់ស្វីស ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Miami Open ឆ្នាំ២០២២ នៅទឹកដីសហរដ្ឋអាមេរិក។

Bencic ដែលឈរនៅលេខរៀងទី២២ ពិភពលោកនោះ បានបើកការនាំមុខ ១សិតមុនក្នុងពិន្ទុ ៦ទល់នឹង៤ នៅមុនពេលចាញ់ ២សិតជាប់គ្នាវិញក្រោមលំដាប់ពិន្ទុ ៦-៣ និង ៦-៤ នៃការប្រកួតវគ្គ ៤នាក់ចុងក្រោយនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ (ម៉ោងក្នុងតំបន់) ដែលបានអូសបន្លាយជាង ២ម៉ោងឯណោះ។

នេះក៏ជាលើកទី១ ផងដែរសម្រាប់កីឡាការិនីវ័យ ២៤ឆ្នាំ Osaka ដែលបានឈានទៅផ្តាច់ព្រ័ត្រពាន Miami Open។ Osaka ត្រូវបានលេងផ្តាច់ព្រ័ត្រជាលើកទី២ គិតចាប់តាំងពី Final ពាន Autralian Open 2021 ដែលត្រូវប៉ះកីឡាការិនី Iga Swiatek របស់ប៉ូឡូញ ដែលឈរនៅលំដាប់លេខ២ ពិភពលោក។

អតីតកីឡាការិនីលំដាប់លេខ១ ពិភពលោក Noami Osaka ធ្លាប់បានឈ្នះពាន៤ ក្នុងកម្រិត Grand Slam ពោលគឺពាន Australian Open នៅឆ្នាំ២០១៩ និងឆ្នាំ២០២១ រួមទាំងពាន US Open ២លើកទៀតនៅឆ្នាំ២០១៨ និងឆ្នាំ២០២០ មុនពេលបច្ចុប្បន្នធ្លាក់ដល់លេខរៀងទី៧៧ ដោយសារតែលទ្ធផលធ្វើពុំបានល្អនាពេលថ្មីៗនេះ៕