(កំពត)៖ ក្រុមជ័យលាភីប្រកួតប្រជែងថ្នាក់ជាតិ «ធីតាឯកសង្ក្រាន្ត» រដូវកាលទី៣ សហការជាមួយក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២ ចុះដាំដើមកូនកោងកាងនៅក្នុង សហគមន៍ត្រពាំងសង្កែ ស្ថិតក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

ការចុះដាំកូនកោងកាង នៅតាមមាត់សមុទ្រក្នុងសហគមន៍ត្រពាំងសង្កែខាងលើ ក្នុងគោលបំណងរួមចំណែក ការផ្សព្វផ្សាយឲ្យបានទូលំទូលាយ យល់ជ្រួតជ្រាប ដល់មហាជន គ្រប់ជាន់ថ្នាក់ សំដៅបង្កើនការយល់ដឹង ពីសារៈសំខាន់នៃការដាំដើមកោងកាង ដែលជាផ្នែកមួយក្នុងការថែរក្សានិងអភិរក្ស ក្នុងសកម្មភាពការទ្រទ្រង់បរិស្ថានស្អាតប្រកបដោយនិរន្តរភាព។

លោក សំបូរ ឧត្ដម្ភ ជាអ្នកដឹកនាំគម្រោងនៃកម្មវិធី បានលើកបញ្ជាក់ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ច និងដាំកូនដើមកោងកាង របស់ក្រុមជ័យលាភីប្រកួតប្រជែងថ្នាក់ជាតិ «ធីតាឯកសង្ក្រាន្ត» រដូវកាលទី៣ ដោយមានការចូលរួម និងសហការជាមួយក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត នាថ្ងៃនេះ គឺជាការចូលរួមដាំដើមឈើកោងកាង ដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនឲ្យមានផ្ទៃដី ពណ៌បៃតងកាន់តែច្រើន។

ព្រោះថាព្រៃឈើពិតជាមានផលប្រយោជន៍ជាច្រើន គឺការនាំមកនូវបរិស្ថានស្អាត សុខភាពល្អ និងគុណប្រយោជន៍ជាច្រើនសម្រាប់មនុស្សជាតិ។ កម្មវិធីថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការចូលរួមបំផុសស្មារតីដល់យុវជន យុវតី ឲ្យមានស្មារតីផ្នត់គំនិតចេះស្រលាញ់ថែទាំអភិរក្សបរិស្ថាន ឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។

លោកបញ្ជាក់ទៀតថា សារៈសំខាន់ នៃព្រៃកោងកាង តាមរយៈនៃកម្មវិធីថ្ងៃនេះគឺពិតជាបានឆ្លុះបញ្ចាំង បង្ហាញពីសេចក្តីស្រលាញ់បរិស្ថានរបស់យុវជន (ស.ស.យ.ក) ខេត្តកំពត និងជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៣ នៅក្នុងការងារសហគមន៍ ស្ដីពីការគាំពារបរិស្ថាននៅឆ្នាំទី៣ នៃសកម្មភាពមនុស្សធម៌ និងការងារសង្គមដែលកម្មវិធីធីតាឯកសង្ក្រាន្តបានធ្វើកន្លងមក។

កញ្ញា ហេង រិនសុម៉ាលីតា ម្ចាស់ជ័យលាភី ធីតាឯកសង្ក្រាន្តរដូវកាលទី៣ ដែលនឹងក្លាយជាតួអង្គទេវតាឆ្នាំថ្មី នាពិធីផ្ទេរដំណែងក្នុងឱកាសឆ្លងចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២០២២ ខាងមុខនេះ បានបង្ហាញចំណាប់អារម្មណ៍ រំភើបក្នុងសកម្មភាពចូលរួមដាំដើមកោងកាង នាពេលនេះដែលជាការងារសង្គមទាមទារឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ចូលរួមសកម្មភាពវិជ្ជមានក្នុងសង្គមទាំងអស់គ្នា។

កញ្ញា ហេង រិនសុម៉ាលីតា បន្តទៀតថា កញ្ញា នឹងខិតខំព្យាយាមប្រើប្រាស់តំណែងជាធីតាឯកសង្ក្រាន្តរដូវកាលទី៣ អោយកាន់តែល្អ ក្នុងការលើកកម្ពស់ផ្សព្វផ្សាយ ផលវិជ្ជមានឲ្យកាន់តែច្រើន និងចូលរួមការងារសហគមន៍ ឲ្យបានច្រើនបន្ថែមទៀត ដូចដែលបានអនុវត្តក្នុងខេត្តមួយចំនួននារយៈពេលកន្លងមក។

គួររំលឹកថា កម្មវិធីដាំកូនកោងកាងពេលនេះ មានការចូលរួមពីជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៣ ចំនួន៥រូប មានដូចជា កញ្ញា ជា សោភា, កញ្ញា សុត សុជាតា, កញ្ញា សាយ សោភណ្ឌ, កញ្ញាឃិន ចិន្តមារតី និងកញ្ញា ម៉ន ដារ៉ានី រួមនឹងក្រុមការងារមួយចំនួនទៀត។

ម្យ៉ាងទៀត កម្មវិធី «ធីតាឯកសង្ក្រាន្ត» គឺជាការប្រកួតប្រជែងកម្រិតថ្នាក់ជាតិ ដែលបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរ អោយកាន់តែទូលំទូលាយ តាមរយៈការលើកទឹកចិត្ត និងផ្ដល់ឱកាសដល់យុវតីកម្ពុជា អោយចូលរួមសកម្មភាពលើកស្ទួយកេរដំណែលពីដូនតាខ្មែរ ឲ្យកាន់តែល្បីសុះសាយថែមមួយកម្រិតទៀត។

កម្មវិធី «ធីតាឯកសង្ក្រាន្ត» ជាកម្មវិធីប្រកួតប្រជែងស្វែងរកយុវតីកម្ពុជាដែលមានភាពស្រស់ស្អាតទាំងចំណេះដឹងនិងសម្រស់ ដើម្បីក្លាយជាតួអង្គទេវតាឆ្នាំថ្មី ក្នុងពិធីផ្ទេរដំណែង នាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ ហើយនៅរដូវកាលទី៣នេះ កម្មវិធីបានរកឃើញម្ចាស់ជ័យលាភីទាំង៧រូប ដែលនឹងចូលរួមចំណែកថែរក្សាវប្បធម៌ និងចូលរួមគាំទ្រ រួមនិងការផ្សព្វផ្សាយកិច្ចការងារសហគមន៏ដែលជាគំរូល្អដល់សង្គមក្នុងប្រទេសកម្ពុជាយើង។
កម្មវិធី «ធីតាឯកសង្ក្រាន្ត» បានទទួលស្គាល់ និងគាំទ្រយ៉ាងពេញទំហឹងដោយក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ៕