(ភ្នំពេញ)៖ ដើម្បីផ្តល់ព័ត៌មានលម្អិតអំពីផលិតផលថ្មីដែលពុំធ្លាប់មាននៅកម្ពុជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានរៀបចំកម្មវិធីជួបជុំជាមួយថ្នាក់ដឹកនាំ សហការី និងតំណាងចែកចាយទូទាំងប្រទេស ដែលតែងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងជ្រើសរើសផលិតផលរបស់ក្រុមហ៊ុនយកទៅលក់បន្តប្រកបដោយទំនុកចិត្ត។

កម្មវិធីនេះ បានបង្ហាញជាលម្អិតអំពីលក្ខណៈពិសេស និងចំនុចទាក់ទាញរបស់ផលិតផលថ្មី ដែលធានាថា ផលិតផលថ្មីនេះនឹងជាជម្រើសរបស់អតិថិជនបន្ទាប់ពីក្រុមហ៊ុនដាក់លក់នៅក្នុងទីផ្សារនាពេលឆាប់ៗខាងមុខនេះ។

កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅឯរោងចក្រ ខ្មែរ ប៊ែវើរីជីស ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ ២១៧ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ខដង្កោ រាជធានីភ្នំពេញ ក្រោមការ អញ្ជើញ ចូលរួម ជា គណអធិបតី ពី សំណាក់ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន សហ ស្ថាបនិក និង ប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លោកស្រី តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លោកឧកញ៉ា លាង ពៅ (ភីធើ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រមទាំង ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សហការី និងតំណាង ចែកចាយ ទូទាំងប្រទេស។

អ្នកឧកញ៉ា លាង ឃុន បានថ្លែងថា៖ «ក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្កើតស្នាដៃជាច្រើនធ្វើឲ្យយើងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទីផ្សារ។ នេះគឺដោយសារតែគុណភាព និងសេវាកម្មល្អនៃផលិតផលរបស់យើងនីមួយៗ ដែលបានផ្តល់ជូនដល់អតិថិជន។»

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា លាង ឃុន ក៏បានសម្តែងការអរគុណដល់ក្រុមការងារគ្រប់ផ្នែក ក៏ដូចជាតំណាងចែកចាយទាំងអស់ដែលបានរួមចំណែកយ៉ាងធំធេងដល់ការរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន និងជំរុញ ខ្មែរ ប៊ែវើរីជីស ឲ្យបន្តពង្រីករោងចក្រជាបន្តបន្ទាប់ ដើម្បីផ្តល់នូវជម្រើសផលិតផលថ្មីៗជាហូរហែ។

ក្រុមហ៊ុនគ្រោងធ្វើការផ្សព្វផ្សាយ និងដាក់លក់ផលិតផលថ្មីនេះនៅក្នុងខែមេសាខាងមុខនេះ៕