(ភ្នំពេញ)៖ ឱកាសការងារចំនួន ៣,២១៦ កន្លែង ក្នុងមុខជំនាញផ្សេងៗគ្នាជាច្រើន និងត្រូវបានផ្តល់ជូនពី ក្រុមហ៊ុនធំៗចំនួន១៨ នៅក្នុងវេទិកាការងារ ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ចាប់ពីម៉ោង ៨៖០០រសៀល ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំពោះសិស្សនិស្សិត និងអ្នកកំពុងតែស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារអាចយក ប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ ជាមួយអ្នកតំណាងក្រុមហ៊ុនទាំងនោះបានភ្លាមៗ ក្នុងថ្ងៃតែមួយតែម្តង។

បន្ថែមពីនេះ ក្រុមហ៊ុនធំៗទាំង១៨ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ធនាគារកាណាឌីយ៉ា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី , ក្រុមហ៊ុន EMD (F&B) Co.,ltd, GGear Group Co., Ltd, Kim Mex Construction and Investment Co, LTD, ក្រុមហ៊ុន CHIP MONG GROUP, TH GROUP, PHNOM PENH HOTEL, ម៉ាស្ទ័រ ស៊ុគីស៊ុប, DEWHIRST EST១,៨៨០, DENSO (CAMBODIA) CO, LTD , BIMA, LOPFORM, KK FUND LEASING PLC, ក្រុមហ៊ុនជប៉ុន Sumi (Cambodia) Wiring System CO.LTD, ក្រុមហ៊ុនជប៉ុន Minebea Mitsumi, CC-REALTY។

គួរបញ្ជាក់ផងដែរថា រាល់ពេលនៃការរៀបចំវេទិកាការងារ ឬកិច្ចសម្ភាសន៍ការងារ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តែងតែអនុវត្តន៍យ៉ាងម៉ត់ចត់នូវវិធានការណ៍សុវត្ថិភាព ស្របតាម ការណែនាំរបស់ក្រសួងសុខាភិបាលគឺ «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺកូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្ត ក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬចូលមើលគេហទំព័រ www.nea.gov.kh  និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕