(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ដែលជាក្រុមហ៊ុនផ្តល់ធានារ៉ាប់រងធំជាងគេមួយនៅកម្ពុជា និងធនាគារគូកមីនកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៊េងកាសួរេន ជាមួយគ្នា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ ក្នុងការជំរុញការផ្សព្វផ្សាយ និងការលក់ធានារ៉ាប់រងទូទៅ តាមរយៈប្រព័ន្ធធនាគារ ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់ធានារ៉ាប់រង ដែលជាការរួមចំណែកជំរុញវិស័យធានារ៉ាប់រងនៅកម្ពុជាអោយរឹតតែមានភាពរីកចម្រើន។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៊េងកាសួរេន រវាងក្រុមហ៊ុនហ្វតតេ អ៊ិនសួរិនស៍ និងធនាគារគូកមីនកម្ពុជា លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានបង្ហាញការសាទរដែលបានចាប់ដៃគូគ្នាជាមួយ ធនាគារគូកមីនកម្ពុជា ដើម្បីបង្កើនការលក់ធានារ៉ាប់រងដល់ពលរដ្ឋកម្ពុជា។ តាមរយៈការចាប់ដៃគូគ្នានេះ នឹងជំរុញឱ្យវិស័យធានារ៉ាប់រងកាន់តែរីកចម្រើនថែមទៀត។

លោកមានប្រសាសន៍ថា «ខ្ញុំសូមសម្តែងការកោតសរសើរចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នានៅថ្ងៃនេះ , ហ្វតតេបានធ្វើប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជារយៈពេល២៣ឆ្នាំមកហើយ ដោយចាប់ផ្តើមពីក្រុមហ៊ុនតូចរហូតក្លាយជាក្រុមហ៊ុនធំដែលមានចំណែកភាគហ៊ុនច្រើនជាពិសេសភាគហ៊ុនពីធនាគារនៅអឺរ៉ុប »

ជាមួយគ្នានេះ លោក Jang Yong Jae អគ្គនាយកនៃធនាគារគូកមីនកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ ប្រជាជនកម្ពុជា ហាក់មានការចាប់អារម្មណ៍និងយល់ច្រើនអំពីសារៈសំខាន់នៃធានារ៉ាប់រង ដែលនេះជាហេតុផលដែលធ្វើអោយ ធនាគារគូកមីនកម្ពុជា សម្រេចចិត្តពង្រីកសេវាកម្មរបស់ខ្លួនបន្ថែម។

លោកជឿជាក់ថា ការសហការគ្នារវាងក្រុមហ៊ុនហ្វតតេ និងធនាគារគូកមីនកម្ពុជា ក្នុងការផ្តល់សេវាធានារ៉ាប់រងដល់អតិថិជន តាមរយៈធនាគារគូកមីនកម្ពុជា នឹងទទួលបានជោគជ័យ ដែលនឹងជួយលើកស្ទួយវិស័យធានារ៉ាប់រងនៅកម្ពុជា។

ក្រុមហ៊ុន ហ្វតតេ ដែលជាក្រុមហ៊ុនផ្តល់ធានារ៉ាប់រងធំជាងគេមួយនៅកម្ពុជា មានផ្តល់សេវាធានារ៉ាប់រងជាច្រើន ដូចជាធានារ៉ាប់រងលើយានយន្តគ្រប់ប្រភេទ គ្រោះថ្នាក់អគ្គីភ័យ សេវាធានារ៉ាប់រងដំណើរកម្សាន្តក្នុងស្រុក សេវាធានារ៉ាប់រងកសិកម្ម សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ និងសេវាធានារ៉ាប់រងជាច្រើនទៀត៕