(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ(ILO) បានរួមសហការគ្នាបង្កើតគម្រោងមួយ ស្តីពីវគ្គបណ្តុះបណ្តាលជំនាញទន់ និងសុវត្ថិភាព និងសុខភាពការងារ សម្រាប់កម្មការិនីសម្រាលកូន ដែលធ្លាប់ព្យួរកិច្ចសន្យាការងារ ក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១ គាំទ្រហិរញ្ញវត្ថុដោយក្រសួង សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសអាល្លឺម៉ង មានរយៈពេល៣ខែចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ និងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២។

សម្រាប់លក្ខខណ្ឌកម្មការិនីដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភ ៖
* សម្រាលកូន និងធ្លាប់ព្យួរកិច្ចសន្យាការងារ ក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១។
* ធ្វើការក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប។
* មានបណ្ណសមាជិក ប.ស.ស. និងសៀវភៅការងារជនកម្ពុជា។
* ចូលរួមវគ្គបណ្តុះបណ្តាលជំនាញទន់ និងសុវត្ថិភាពនិងសុខភាពការងារ តាមប្រព័ន្ធអនឡាញ។

សូមជម្រាបជូនថា ចំពោះនីតិវិធីក្នុងការចូលរួមវគ្គបណ្តុះបណ្តាលជំនាញទន់
១៖ ចំពោះអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន (Android) ដូចជា Sumsung, Oppo, Vivo ជាដើមត្រូវចូលទៅកាន់ Google Play Store រួចវាយឈ្មោះថា «NEA Soft Skill» ហើយទាញយក និងតម្លើងកម្មវិធីលើទូរស័ព្ទដៃស្មាតហ្វូន (Download & Install) ដែលមានឈ្មោះថា «NEA Soft Skill»។

២៖ ចំពោះអ្នកដែលប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន iOS ដូចជា i phone ត្រូវចូលទៅកាន់ App Store រួចវាយឈ្មោះ «NEA Soft Skill»
ហើយទាញយក និងតម្លើងកម្មវិធីលើទូរស័ព្ទដៃស្មាតហ្វូន (Download & Install) មានឈ្មោះថា «NEA Soft Skill»

៣៖ បន្ទាប់ពីតម្លើងរូចអ្នកត្រូវ៖ បញ្ចូលលេខអត្តសញ្ញាណប័ណ្ណ (លេខឡាតាំង) និងលេខទូរស័ព្ទ (លេខឡាតាំង) របស់អ្នកឱ្យបានត្រឹមត្រូវដូចមាន ក្នុងបញ្ជីឈ្មោះដែលលោកអ្នកបានផ្ដិតស្នាមមេដៃ រួចចុចប៊ូតុងមានពាក្យថា «ចូលវគ្គបណ្ដុះបណ្ដាល»

៤៖ ដើម្បីទទួលបានជោគជ័យ ក្នុងការបណ្ដុះបណ្ដាល អ្នកត្រូវទស្សនាវីដេអូមេរៀនទាំង៦វីដេអូ ឱ្យបានចប់សព្វគ្របទើបសន្មត់ថា អ្នកទទួលបានជោគជ័យ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ បន្ថែមពីលើនេះអ្នកអាចទាញយក ឯកសារមេរៀនបណ្ដុះបណ្ដាលជាអត្ថបទ PDF ដើម្បីរៀនបន្ថែមដោយខ្លួនឯងផ្ទាល់ នៅពេលអ្នកចង់ពង្រីកចំណេះដឹងទាក់ទងនឹងជំនាញទន់ ការលើកកម្ពស់សុខុមាលភាព ពង្រីកចំណេះដឹង បង្កើនលទ្ធភាពការងារ។

៥៖ ករណីអ្នកមិនអាចចូលវគ្គបណ្ដុះបណ្ដាលបាន ដោយសារព័ត៌មានមិនត្រឹមត្រូវ សូមទាក់ទងមន្ដ្រីទទួលបន្ទុកតាមរយៈលេខទូរស័ព្ទ៖ ០១២ ៩០៦ ៦៦៤, ០១២ ២៣៦ ៦៦៤, ០៣១ ៦ ៣៤៧ ៦៦៦៕