(អាមេរិក)៖ Meta ដែលជាមេធំរបស់ Facebook ត្រូវបានគេរាយការណ៍មកថា បានជួលក្រុមហ៊ុនដែលមានជំនាញខាងប្រឹក្សាយុទ្ធសាស្ត្រទីផ្សារអនឡាញមួយ ដើម្បីរៀបចំយុទ្ធនាការវាយប្រហារគូប្រកួតប្រជែង TikTok ឱ្យចំកណ្ដាលមុខដួលសន្លប់តែម្ដង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

យុទ្ធនាការវាយប្រហារកណ្ដាលមុខ TikTok នេះត្រូវបានសារព័ត៌មានសារ BBC និង Washington Post ចុះផ្សាយ ដោយដកស្រង់ចេញពីអ៊ីម៉េលសម្ងាត់មួយថា ក្រុមហ៊ុន Meta បានជួលក្រុមហ៊ុន Targeted Victory ឱ្យ រៀបចំយុទ្ធសាស្ត្រក្នុងការបង្ខូចឈ្មោះ TikTok។

យុទ្ធនាការដ៏សម្ងាត់មួយនេះត្រូវបានគេបញ្ជាក់ថា នឹងមានលិខិតអនាមិកមួយផ្ញើទៅកាន់ ការិយាល័យនិពន្ធនាយករបស់ស្ថាប័នព័ត៌មានធំៗនៅក្នុងសហរដ្ឋអាមេរិក ដោយនៅក្នុងលិខិតបានសរសេរថា TikTok គឺជាកម្មវិធីដែលមានគ្រោះថ្នាក់សម្រាប់ក្មេងៗអាមេរិក និងមានឯកសារបញ្ជាក់មកជាមួយថែមទៀត។

មិនត្រឹមតែប៉ុណ្ណោះ ប្រភពដដែលបានបញ្ជាក់ថា ក្រុមហ៊ុន Meta បានចាយប្រាក់ច្រើនពាន់លានដុល្លារ ដើម្បីឱ្យស្ថាប័នព័ត៌មានអនឡាញល្បីចេញផ្សាយថា Facebook និង Instagram គឺជាកម្មវិធីដែលមានប្រជាប្រិយភាព និងមានការទាញយក (Download) ច្រើនជាងគេបំផុតនៅលើទូរស័ព្ទដៃ។

បើតាមការកត់សម្គាល់របស់ Washington Post បានឱ្យដឹងថា យុទ្ធនាការបែបនេះគឺវាពេញនិយម ណាស់ សម្រាប់ ប្រើនៅក្នុងការឃោសនានយោបាយនៅអាមេរិក ប៉ុន្តែឥឡូវនេះវាក៏ចាប់ផ្ដើមពេញនិយម សម្រាប់ ក្រុមហ៊ុនបច្ចេកវិទ្យាៗផងដែរ ដោយក្រុមហ៊ុនធំៗបាន ប្រើវិធីសាស្ត្រនេះដើម្បីវាយប្រហារដៃគូប្រជែងរបស់ ខ្លួន។

ពាក់ព័ន្ធនឹងព័ត៌មានបង្ខូចឈ្មោះរបស់ TikTok នេះ ត្រូវបាន Meta និង Targeted Victory ចេញមុខ បដិសេធ ប៉ុន្តែបានទទួលស្គាល់ថា ពូកគេគឺពិតជាដៃគូសហការគ្នាជាច្រើនឆ្នាំមកហើយ។

គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ Facebook និង Instagram ត្រូវបានគេរកឃើញថា បានក្លាយ ជា បណ្ដាញសង្គមមួយដែលបំពុលដល់យុវជន និងក្មេងជំទង់ ហើយសហភាពអឺរ៉ុបក៏កំពុងតែស៊ើបអង្កេតលើ ករណីនេះផងដែរ៕