(ដូហា)៖ ការចាប់ឆ្នោតជុំផ្តាច់ព្រ័ត្រវគ្គ ៣២ក្រុមពានបាល់ទាត់ពិភពលោក FIFA World Cup 2022 ក្រុមម្ចាស់ផ្ទះកាតា បានស្ថិតក្នុងពូល A ជាមួយក្រុមខ្លាំងហូឡង់, សេណេហ្គាល់ នឹងក្រុមអេក្វាឌ័រ ខណៈប្រេស៊ីល ដែលជាក្រុមឈ្នះពាននេះច្រើនជាងគេស្ថិតក្នុងពូល G ជាមួយក្រុមស្វីស, ស៊ែប៊ី និងក្រុមកាមេរូន សម្រាប់ការបែងចែក ៨ពូលនេះដែលគ្រោងធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដែលប្រាក់រង្វាន់ ៤២លានដុល្លារ។

FIFA ក៏បានបង្ហាញថាក្រុមជើងឯក World Cup 2022 ទទួលបានប្រាក់រង្វាន់ ៤២លានដុល្លារ ហើយជើងឯករងបាន ៣០លានដុល្លារ និងលេខ៣ ទទួលបាន ២៧លានដុល្លា ខណៈក្រុមលេខ៤ បានចំនួន ២៥លានដុល្លារ ពេលដែលក្រុមចាប់ពីលេខ៥-៨ ទទួលបាន ១៧លានដុល្លារ ហើយចំណោមក្រុមឈរនៅចំណាត់ថ្នាក់ចាប់ពីលេខ៩-១៦ ទទួលបានប្រមាណ ១៣លានដុល្លារ។

ដ្បិតក្រុមឈរលេខរៀងចាប់ពី១៧-៣២ ក៏ទទួលបានការលើកទឹកចិត្តប្រមាណ ៩លានដុល្លារផងដែរ។

សម្រាប់វគ្គ ៣២ក្រុមនេះមិនទាន់គ្រប់នោះទេ ត្រូវរង់ចាំក្រុមឈ្នះមកពីតំបន់អឺរ៉ុបរវាងជម្រើសជាតិវ៉េល (Wales), ស្កុតឡេន (Scotland) ឬអ៊ុយក្រែន (Ukraine) ឡើងទៅបំពេញក្នុងពូលB ហើយការជម្រុះអន្តរទ្វីបត្រូវយក ២ក្រុមដែលមកពីតំបន់អូសេអានី(OFC) នូវែលសេឡង់ (New Zealand) ត្រូវប៉ះជាក្រុមមកពីតំបន់អាមេរិកខាងជើង CONCACAF គឺក្រុមកូស្តារីកា(Costa Rica)ទៅបំពេញក្នុងពូលE ។

ចំណែកក្រុមតំបន់អាស៊ី អារ៉ាប់រួម(UAE) ប៉ះក្រុមអូស្ត្រាលី (Australia) ដើម្បីទៅប៉ះក្រុមប៉េរូ (Peru) មកពីតំបន់អាមេរិកឡាទីន បញ្ចូលក្នុងពូលD ដែលត្រូវសម្រេចនៅខែមិថុនាខាងមុខ។

ប្រេស៊ីល ជាក្រុមលើកពាននេះច្រើនជាងគេ ៥សម័យកាល ដ្បិតក្រុមអាល្លឺម៉ង់ ដណ្តើមបានចំនួន ៤សម័យកាលស្មើគ្នានិងក្រុមអីតាលី ក្នុងចំណោមក្រុមដែលធ្លាប់លើកពាននេះមានអាហ្សង់ទីន, បារាំង, អ៊ុយរូហ្គាយ លើកបាន ២ដងដូចៗគ្នា ហើយក្រុមអង់គ្លេស និងអេស្ប៉ាញ ធ្វើបានម្នាក់ ១ដងផងដែរ។

បញ្ជាក់ផងថា នេះជាការប្រជែងពានបាល់ទាត់ FIFA World Cup លើកទី២២ ចាប់តាំងពីការធ្វើលើកដំបូងនៅឆ្នាំ១៩៣០ សម្រាប់រយៈពេល ៤ឆ្នាំម្តង ដ្បិតខកខានក្នុងសង្គ្រាមលោកលើទី១ និងទី២ ដែលកាលពីឆ្នាំ២០១៨ ដែលធ្វើនៅប្រទេសរុស្ស៊ី ក្រុមជើងឯកបានទៅលើក្រុមបារាំង ដែលមានក្រុមក្រូអាត ជាក្រុមជើងឯករង៕