(បរទេស)៖ បន្ទាប់ពីបាត់ខ្លួនទៅយ៉ាងយូរ ពេលនេះហ្គេម Angry Birds បានត្រឡប់មកវិញហើយ។ តើអ្នកទាំងអស់គ្នាជឿទេថាវាមានរយៈពេលជាង ១០ឆ្នាំហើយចាប់តាំងពីហ្គេម Angry Birds ដំបូងត្រូវបានចេញផ្សាយដោយក្រុមហ៊ុន Rovio? ខណៈដែល Angry Birds គឺជាហ្គេមដ៏ពេញនិយមបំផុតមួយគ្រប់សម័យកាល ជាមួយនឹងកំណែផ្សេងៗគ្នា ដែលបានបង្កើតឡើងដំបូងតាំងពីឆ្នាំ ២០០៩មកម្លេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

ចេះតែឆ្ងល់ថាបាត់ហ្គេម Angry Birds ទៅណា តាមពិត Rovio លួចទៅសំងំកែច្នៃហ្គេមសោះ ដោយកាលពីពេលថ្មីៗនេះ Rovio បានប្រកាសបង្ហាញថា ហ្គេមនេះត្រូវបានកែច្នៃឡើងវិញទាំងស្រុង សម្រាប់បទពិសោធន៍ប្រកបដោយនិរន្តភាពជាងមុននៅលើឧបករណ៍ និងវេទិកាផ្សេងៗ។ ដោយ Rovio បានធានាថាក្រុមហ៊ុនបានរក្សាគ្រប់ទិដ្ឋភាពនៃហ្គេម Angry Birds ដើមនៅក្នុងវគ្គថ្មីនេះ ដោយយកគំរូដូចទៅនឹងកំណែហ្គេមដែលមាននៅក្នុងឆ្នាំ២០១២។

ខណៈដែលហ្គេមដ៏ល្បីមួយនេះបានបាត់ខ្លួនតាំងពីឆ្នាំ២០១៩ មកម្លេះ ដោយ Rovio បានឱ្យដឹងពីមូលហេតុនៃការបាត់ខ្លួននេះថា វាមិនអាចប្រើប្រាស់បានពេញលេញជាមួយនឹងឧបករណ៍ដែលទើបនឹងអាប់ដេតថ្មីៗនោះទេ។

ជំនួសឱ្យការត្រឡប់មកវិញលើកនេះ មានការអាប់ដេតច្រើនមែនទែន ដោយមិនមានការទិញកម្មវិធី ឬការផ្សាយពាណិជ្ជកម្មដូចកាលពីសម័យមុននោះទេ។ ដោយហ្គេម Angry Birds Classic ឥឡូវនេះមាននៅលើ App Store ហើយ៕