(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានចូលរួមបិទកម្មវិធី នៃការប្រកួតជើងឯងសិស្សមធ្យមសិក្សាទូទាំងខេត្តកោះកុង ដែលត្រូវបញ្ចប់ក្នុងការដណ្តើមជ័យលាភីលេខ១ប្រចាំខេត្ត នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅសាលាវិទ្យាល័យកោះកុង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកស្រី មិថុនា ភូថង បានបង្ហាញសេចក្តីសោមនស្សរីកក្រៃលែង ដោយសំឡឹងយុវជនចូលរួមក្នុងវិស័យកីឡា ដោយលោកស្រីរំលឹកថា កីឡានាំមកសុខភាព បង្កើនមិត្តចេះស្រលាញ់គ្នារាប់អានគ្នាចេះពិភាក្សាគ្នា និងចេះផ្តល់យោបល់ឲ្យគ្នាទៅវិញទៅមក ពិសេសការទំនាក់ទំនងផ្នែកសុខភាព ឬការងារសេដ្ឋកិច្ចគ្រួសារ។

លោកស្រីបានថ្លែងថា «ប្អូនៗក្មួយៗជាយុវវ័យក្នុងការសិក្សាហើយ បានឆ្លៀតពេលបំពេញវិស័យកីឡាទៀត ដូច្នេះត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីបច្ចេកទេសផង ដើម្បីសុខភាពផង និងបង្កើតមិត្តចេះស្រាលាញ់គ្នា សាមគ្គីគ្នា ជាពិសេសប្អូនៗក្មួយត្រូវជៀសឲ្យផុតពីគ្រឿងញៀន និងត្រូវខិតខំក្រេបចំណេះពីព្រឹទ្ធាចារ្យ ដែលលោកខិតខំបង្ហាត់បង្រៀនយើង»។

លោកស្រីអភិបាលខេត្ត បានបន្តថា ប្រទេសជារាល់ថ្ងៃ មានសន្តិភាព ស្ថិរភាព មានធនធានមនុស្ស និងមានការរីកចំរើនលើកគ្រប់វិស័យ ហើយល្បីល្បាយនៅលើកឆាកអន្តរជាតិជាតិ គឺស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលះបង់គ្រប់កាលៈទេសៈទាំងអស់ដើម្បីប្រជាពលរដ្ឋ ដើម្បីប្រទេសជាតិ ដោយមិនគិតពីការនឿយហត់ឡើយ។ ដូច្នេះលោកស្រីក៏ជំរុញឲ្យយុវជនជំនាន់ក្រោយ ខិតខំកសាងខ្លួនឲ្យបានល្អ ដើម្បីស្នងប្រទេសជាតិ៕