(បរទេស)៖ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកពាក់កណ្ដាលសម្រេចរបស់តៃវ៉ាន់ Taiwan Semiconductor Manufacturing Co. (TSMC) បានអះអាងថា តម្រូវការគ្រឿងអេឡិចត្រូនិកកំពុងមានការធ្លាក់ចុះខ្លាំង ចំពេលភាពមិន ប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងជំងឺរាតត្បាតនៅតែបន្ត ហើយចំពោះការកើនឡើងនៃថ្លៃដើមរបស់សមាសធាតុ ដែល ត្រូវយកមកផលិតនឹងជំរុញឱ្យតម្លៃនៃផលិតផលអេឡិចត្រូនិកកើនឡើងផងដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Mark Liu ដែលជាអគ្គនាយក TSMC ដែលជាក្រុមហ៊ុនផ្គង់ផ្គង់ធំមួយរបស់ Apple បានលើកឡើងថា គិតមកទល់ដើមឆ្នាំ២០២២ នេះ តម្រូវការគ្រឿងអេឡិចត្រូនិកបានចាប់ផ្ដើមថយចុះជាបណ្ដើរៗ និងបន្តថយចុះកាន់តែខ្លាំងថែមទៀត នៅពាក់កណ្ដាលឆ្នាំនេះ។

លោក Liu បានបន្ថែមទៀតថា ផលិតផលអេឡិចត្រូនិកដូចជា ស្មាតហ្វូន, កុំព្យូទ័រ, ទូរទស្សន៍ និងផលិតផលមួយចំនួន គឺ តម្រូវការកាន់តែថយចុះទៅៗ ខណ:ដែលចិនគឺជាទីផ្សារធំមួយ ប៉ុន្តែនៅពេលនេះក៏តម្រូវការបានថយចុះគួរឱ្យកត់សម្គាល់ ផងដែរ។

លើសពីនេះ ការចំណាយលើសមាសធាតុ និងសម្ភារៈក៏កំពុងកើនឡើងយ៉ាងខ្លាំងផងដែរ ដោយធ្វើឱ្យថ្លៃដើមផលិតកម្មកើនឡើងសម្រាប់ក្រុមហ៊ុនផលិត ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកផលិតបន្ទះសៀគ្វី។

លោក Liu បានព្រមានថា «សម្ពាធបែបនេះនៅទីបំផុត គឺវានឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ។ ក្រុមហ៊ុនជាច្រើននៅក្នុងឧស្សាហកម្មមួយនេះ មានការព្រួយបារម្ភអំពីការកើនឡើងនៃថ្លៃដើមនៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល ហើយឧស្សាហកម្មផលិតនូវផលិតផល ពាក់កណ្ដាលសម្រេច បានជួបប្រទះដោយផ្ទាល់នូវការកើនឡើងថ្លៃដើមនេះមុនគេបំផុត»