(បរទេស)៖ យោងតាមការវិភាគរបស់លោក Ming-Chi Kuo បានបង្ហាញឱ្យដឹងថា ម៉ូដែល iPhone របស់ Apple ដែលគ្រោងចេញលក់នៅក្នុងឆ្នាំនេះនឹងមិនភា្ជប់មកជាមួយនូវឡែន periscope និង Touch ID ដែលមាននៅខាងក្រោមអេក្រង់នោះទេ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

បើតាមអ្នកវិភាគបានព្យាករណ៍ថា មុខងារ zoom របស់កាមេរ៉ាអាចនឹងមកដល់នៅ ២០២៣ ខណៈពេលដែលមុខងារស្កេនក្រយៅដៃនឹងមិនមានវត្តមានរហូតដល់ឆ្នាំ២០២៥ ឯណោះ។

ជាទម្លាប់របស់ Apple ជារៀងរាល់ឆ្នាំតែងតែបញ្ចេញនូវម៉ូដែល iPhone ថ្មីរបស់ខ្លួនរៀងរាល់ខែកញ្ញា ហើយនៅក្នុងឆ្នាំនេះក៏មិនខុសពីរាល់ឆ្នាំដែល។ ដោយឥឡូវនេះយើងបានឈានចូលដល់ខែមេសាហើយ មានន័យថា iPhone បន្ទាប់នេះនឹងនៅសល់រយៈតែជាង ៥ខែទៀតទេនឹងមានការដាក់លក់ជាសាធារណៈ។

ទន្ទឹមនឹងនេះ iPhone 14 ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលនូវសមត្ថភាពមុខងារថ្មីទៅលើកាមេរ៉ាដើម្បីពង្រឹងការថតប្រសើរជាងមុន ដោយមានការអាប់ឌែតបន្ថែមទៅលើមុខងារសេនស័រ តួរខាងក្រៅរបស់ស្មាតហ្វូនក្រាស់ជាងមុន និងមានបំពាក់នូវ CPU ថ្មីផងដែរ។

ជាក់ស្តែងលោក Ming-Chi Kuo បានបញ្ជាក់ថា មានតែម៉ូដែល Pro ពីរប៉ុណ្ណោះដែលមានការអាប់ឌែតប្រសើរជាងមុននៅប្រព័ន្ធដំណើរការបន្ទះឈីប A16 Bionic ខណៈដែលម៉ូដែល 14 និង 14 Max នឹងនៅតែជាប់ជាមួយនឹងបន្ទះឈីប A15 ។ ដោយម៉ូដែលថ្មីទាំងបួនទំនងជានឹងមកជាមួយទំហំ RAM 6GB ជាមួយនឹងភាពខុសគ្នាគឺ LPDDR 5 (14 Pro និង 14 Pro Max) ទល់នឹង LPDDR 4X (14 និង 14 Max)។

គួរជម្រាបដែរថា ក្រៅពីមិនទទួលបានអេក្រង់ ProMotion កំណែក្រៅពីម៉ូដែល Pro ទាំងពីរនេះក៏ទំនងជាមិនភ្ជាប់មកជាមួយនឹងអេក្រង់ 120Hz Refresh rates ផងដែរ៕