(ភ្នំពេញ)៖ ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោកដំបូងបង្អស់នៅកម្ពុជា International Professional Combat Council (IPCC) និងការឈ្នះប្រាក់លានច្រើនសន្ធឹកសន្ធាប់ ត្រូវបានប្រកាសចាប់ផ្តើមជាផ្លូវការនៅថ្ងៃសៅរ៍ ទី២ ខែមេសា ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ដែលត្រូវបានធ្វើឡើងនៅឯស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី។

ថ្លែងក្នុងកម្មវិធីខាងលើ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងថា កម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ជាកម្មវិធីថ្មីមួយ និងធំបំផុតប្រចាំឆ្នាំ២០២២។ កម្មវិធីនេះ នឹងជួយពង្រឹងសមត្ថភាព និងហ្វឹកហាត់ ដល់កីឡាករប្រដាល់គុនខ្មែរ ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងលើកមុខមាត់វិស័យគុនខ្មែរផងដែរ។

ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា កម្មវិធីនេះនឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការជួយផ្សព្វផ្សាយក្បាច់គុណបុរាណខ្មែរទៅកាន់ពិភពលោក ហើយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលត្រូវបានផលិតផលឡើងដោយកូនខ្មែរ ១០០ ភាគរយ ពិតជាមានកិត្តិយស និងមោទកភាពជាខ្លាំងដែលបានសហការនាំយកកម្មវិធីនេះឡើង។

ចំណែកឯ លោក គឹម ស្រ៊ុនកុសល តំណាងស្ថាប័ន IPCC ពិភពលោកប្រចាំប្រទេសកម្ពុជា និងជាទីប្រឹកក្សាក្រុមហ៊ុនថោនគ្រុប បានសម្តែងចំណាប់អារម្មណ៍យ៉ាងដូច្នេះថា គុនខ្មែរត្រូវបានស្វាគមន៍ចូលជាសមាជិកគ្រួសារស្ថាប័នប្រដាល់អន្តរជាតិ IPCC។ កិច្ចខិតខំប្រឹងប្រែងនៃពិភពប្រដាល់គុនខ្មែរ បានធ្វើឲ្យពិភពលោករំជើបរំជួលទទួលស្គាល់ ពីភាពរស់រវើកនៃក្បាច់គុនខ្មែរយ៉ាងសម្បូរបែប ដែលវាគឺជាមោទកភាពជាតិខ្មែរជាខ្លាំង។ ជោគជ័យនេះ បានកើតចេញពីស្មារតីខ្មែរដែលរួបរួមសាមគ្គីគ្នា។

«WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ត្រូវបានរៀបចំដោយស្ថានីយទូរទស្សន៍ថោន ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងក្រោមការសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ វាជាការរៀបចំកម្មវិធីប្រដាល់នៅ ១២រាជធានី-ខេត្ត ដើម្បីផ្តល់ឱកាសដល់កីឡាករគុនខ្មែរ ធ្វើការបញ្ចេញសមត្ថភាព និងប្រកួតដណ្តើមយកខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់លានច្រើនសន្ធឹកសន្ធាប់សរុប ១២០ លានរៀល។

ក្នុងនោះ កីឡាករប្រដាល់គុនខ្មែរជ័យលាភីលេខ១ ក៏នឹងទទួលបានប្រាក់រង្វាន់ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ចំនួន ៤៨ លានរៀល ឬស្មើទៅនឹង ១ម៉ឺន២ពាន់ដុល្លារអាមេរិក ដែលជារង្វាន់ច្រើនមិនធ្លាប់មានពីមុនមក ព្រមទាំងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក IPCC។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ កីឡាករផ្សេងទៀតដែលបានរក្សាកៅអីចូលរួមក្នុងកម្មវិធីនេះ ក៏នឹងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនផងដែររួមមាន៖ ជើងឯករងលេខ ២ ទទួលបានទឹកប្រាក់ ២៤លានរៀល ស្មើ ៦ពាន់ដុល្លារអាមេរិក កីឡាករលេខ ៣ និងលេខ ៤ ទទួលបានទឹកប្រាក់ ៨ លានរៀល ស្មើ ២ពាន់ដុល្លារអាមរិកក្នុងមួយនាក់ រីឯកីឡាករ ១០រូបផ្សេងទៀត នឹងទទួលបានទឹកប្រាក់លើកទឹកចិត្ត ចំនួន ៤ លានរៀល ស្មើនឹង ១ពាន់ដុល្លារអាមេរិកក្នុងមួយនាក់។

ក្នុងកម្មវិធីសន្និសីទសារព័ត៌មាននេះដែរ ក៏មានការចាប់ឆ្នោតបែងចែកក្រុម A និង B សម្រាប់កីឡាករចំនួន ១២រូប ដែលបានឈ្នះការប្រកួតជម្រុះនៅថ្ងៃទី១២ ខែមីនាកន្លងមក។ ជើងខ្លាំងទាំងនេះ នឹងត្រូវចូលរួមកម្មវិធី «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដែលនឹងចាប់ផ្តើមក្នុងខែមេសាខាងនេះ។

កម្មវិធីនឹងចាប់ផ្តើមដំបូងនៅខេត្តកំពង់ស្ពឺ ហើយបន្តទៅខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ កំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និងក្រុងតាខ្មៅនៃខេត្តកណ្តាល មុនបន្តមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងរាជធានីភ្នំពេញ។

ដូច្នេះ ទស្សនិកជននៅតាមបណ្តាខេត្តខាងលើ ជាពិសេស អ្នកស្នេហាវិស័យប្រដាល់គុនខ្មែរ សូមកុំភ្លេចរង់ចាំស្វាគមន៍ ចូលរួមមើលការប្រកួតប្រដាល់ផ្ទាល់ និងរីករាយជាមួយកម្មវិធីកម្សាន្តនានាដែលភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នឹងរៀបចំដើម្បីឲ្យកម្មវិធីកាន់តែទាក់ទាញ និងជក់ចិត្តដល់អ្នកទស្សនា។

ដើម្បីទទួលបានព័ត៌មានថ្មីៗលោកអ្នកអាចតាមដានទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ
https://www.facebook.com/WurkzCambodia ឬទំព័រហ្វ៊េសប៊ុកស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី https://www.facebook.com/towntvcambodia