(ភ្នំពេញ)៖ ពន្ធគឺជាបន្ទុករបស់អ្នកជាប់ពន្ធចំពោះរដ្ឋ និង ជាកាតព្វកិច្ច របស់គ្រប់សមាសភាព ដែលកំណត់ដោយច្បាប់ពិសេស។ ការបង់ពន្ធ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ឬ ស្ថាប័នពាក់ព័ន្ធនានាដែលត្រូវបង់ជូនរដ្ឋ ដើម្បីរួមចំណែក ការពារ និង អភិវឌ្ឍន៍មាតុភូមិ។

ចំណូលដែលបានទទួលមកពីការបង់ពន្ធ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងកិច្ចការដ៏ ចាំបាច់ដូចជា បើកប្រាក់ខែជូនមន្ត្រីរាជការ  បើកប្រាក់ខែជូនទាហានកម្លាំងប្រដាប់អាវុធ សាងសង់ស្ពាន សាងសង់សាលារៀន ការពារព្រំដែន សាងសង់ផ្លូវថ្នល់ សាងសង់មន្ទីរពេទ្យ ។ល។ អ្នកជាប់ពន្ធមានច្រើនប្រភេទ ដូចជា ប្រជាពលរដ្ឋទូទៅ អ្នកជាប់ពន្ធតូច ពន្ធមធ្យម និងពន្ធធំ ហើយពន្ធមួយប្រភេទដែលយើងឧស្សាហ៍ជួបប្រទះនោះ គឺពន្ធលើប្រាក់បៀវត្ស។

តើអ្វីទៅជាពន្ធលើប្រាក់បៀវត្ស? ហើយពន្ធលើប្រាក់បៀវត្សនេះត្រូវបានកំណត់យ៉ាងដូចម្ដេច?

ដើម្បីយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ពន្ធលើប្រាក់បៀវត្ស» មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នា ដូចខាងក្រោម។

យោងតាមច្បាប់ស្ដីពីសារពើពន្ធ ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្ស ដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ។ រូបវន្ដបុគ្គល (មនុស្សគ្រប់រូបដែលមានលក្ខណៈសម្បត្តិអាចក្លាយជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ចបាន) ត្រូវបានបែងចែកជាពីរប្រភេទសម្រាប់ការគិតពន្ធលើប្រាក់បៀវត្ស នោះគឺ និវាសនជន និងអនិវាសនជន។ និវាសនជន គឺសំដៅទៅដល់រូបវន្ដបុគ្គល ដែលមាននិវាសនដ្ឋាន ឬមានកន្លែងស្នាក់នៅជាគោលដើម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា លើសពី ១៨២ ថ្ងៃ នៅក្នុងរយៈពេល ១២ ខែ ចំណែកឯ អនិវាសនជន គឺសំដៅដល់ រូបវន្ដបុគ្គលណាម្នាក់ ដែលមិនមែនជានិវាសនជន និងទទួលប្រាក់បៀវត្ស ក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការគិតពន្ធលើប្រាក់បៀវត្ស សម្រាប់និវាសនជន គឺត្រូវបានគិតពន្ធលើប្រាក់បៀវត្សទាំងអស់ ដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារទំាងនៅក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ដោយឡែកចំពោះអនិវាសនជន ត្រូវបានគិតពន្ធទៅលើប្រាក់បៀវត្ស ដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។

មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សប្រចាំខែ គឺជាទឹកប្រាក់ទូទាត់ទាំងអស់ ទោះជាសាច់ប្រាក់ក្ដី ឬជាវត្ថុក្ដី ដែលនិយោជកឱ្យទៅនិយោជិត រួមបញ្ចូលទាំងក្នុងរូបភាពជាប្រាក់បុរេប្រទាន (ប្រាក់បើកឱ្យមុន) ប្រាក់ឱ្យខ្ចី ឬប្រាក់រំដោះ (ប្រាក់បើកឱ្យបន្ដិចម្ដងៗ) លើកលែងតែ (១) ប្រាក់លើកលែងពន្ធរបស់នយោជិត (២) បុគ្គលិករបស់បេសកកម្មទូត និងរដ្ឋាភិបាលបរទេស (៣) និយោជិតនៃអង្គការអន្ដរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបចេ្ចកទេស (៤) និយោជិតនៃគម្រោងជំនួយបច្ចេកទេស និង (៥) អត្ថប្រយោជន៍បន្ថែម។

(១)៖ ការលើកលែងពន្ធលើប្រាក់បៀវត្សក៏ត្រូវបានលើកលែងចំពោះនិយោជិតទូទៅក្នុងករណីមួយចំនួន រួមមានដូចជា៖

ក. ប្រាក់សំណងខាងវិជា្ជជីវៈ៖ សំដៅដល់ប្រាក់ដែលបុគ្គលិកបានដកយកប្រាក់ផ្ទាល់ខ្លួនរបស់គាត់ ទៅទិញសម្ភារៈ ឬឧបករណ៍ណាមួយមកប្រើប្រាស់ក្នុងប្រយោជន៍ក្រុមហ៊ុន ហើយអាចទាញយកពីក្រុមហ៊ុនវិញ។
ខ. ប្រាក់បំណាច់បណ្ដេញចេញ៖ ក្នុងករណីដែលក្រុមហ៊ុនបណ្ដេញចេញដោយគ្មានកំហុសគឺក្រុមហ៊ុនត្រូវសងសំណងដោយយោងតាមច្បាប់ការងារ។
គ. ប្រាក់លាភការខាងសង្គមកិច្ច៖ ប្រាក់ដែលក្រុមហ៊ុន រ៉ាប់រងឱ្យបុគ្គលិកដែលមានគ្រោះថ្នាក់ក្នុងម៉ោងការងារ។
ឃ. ប្រាក់ឯកសណ្ឋាន៖ ការផ្ដល់ជាឯកសណ្ឋាន ឬឧបករណ៍ប្រើប្រាស់ក្នុងក្រុមហ៊ុន។
ង. ប្រាក់បេសកកម្ម៖ ប្រាក់ធ្វើដំណើរ និងប្រាក់ស្នាក់នៅ។

ក្រៅពីនេះក៏មានការកាត់បន្ថយមូលដ្ឋានគិតពន្ធចំនួន ១៥០.០០០ រៀល (មួយរយហាសិបពាន់រៀល) ដោយផ្អែកលើការបង្ហាញភ័ស្ដុតាងនៃស្ថានភាពគ្រួសារដែលមាន៖

* កូនស្ថិតក្នុងបន្ទុកនាពេលដែលត្រូវបង់ពន្ធចំពោះកូនម្នាក់ៗ
* សហព័ទ្ធដែលធ្វើតែជាមេផ្ទះ (ត្រូវបានបន្ថយសម្រាប់តែម្នាក់) និង
* ចំពោះគ្រួសារមួយដែលឪពុកនិងម្ដាយមានប្រាក់បៀវត្សជាប់ពន្ធទាំងពីរនាក់ ការកាត់បន្ថយមូលដ្ឋានគិតពន្ធសម្រាប់កូនស្ថិតក្នុងបន្ទុក អាចអនុវត្តបានតែចំពោះប្រាក់បៀវត្សជាប់ពន្ធរបស់ឪពុក ឬម្ដាយតែម្នាក់ប៉ុណោ្ណះ។

(២) ចំពោះការអនុវត្តគិតពន្ធលើប្រាក់បៀវត្សក៏មានការលើកលែង ចំពោះបុគ្គលិករបស់បេសកកម្មទូត និងរដ្ឋាភិបាលបរទេសណាមួយដែលកាន់លិខិតឆ្លងដែនការទូត ឬផ្លូវការរបស់ប្រទេសនោះបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញមុខងារជាផ្លូវការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ (៣) និយោជិតនៃអង្គការអន្ដរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបចេ្ចកទេសរបស់រដ្ឋាភិបាលបរទេសនានាដែលបម្រើការងារជាផ្លូវការ មិនត្រូវជាប់ពន្ធលើប្រាក់បៀវត្សនោះទេ។

ការលើកលែងនេះក៏រួមទាំង (៤) និយោជិតនៃគម្រោងជំនួយបចេ្ចកទេសរបស់អង្គការអន្ដរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបចេ្ចកទេសរបស់រដ្ឋាភិបាលបរទេសណាមួយដែលជាបុគ្គលិកជំនួយបច្ចេកទេស ដែលមានចុះបញ្ជាក់ក្នុងឯកសារសម្រាប់គម្រោងការជំនួយបចេ្ចកទេសផងដែរ។

(៥) អត្ថប្រយោជន៍បន្ថែមរាប់បញ្ចូលទាំងទំនិញសេវា ឬអត្ថប្រយោជន៍ជាសាច់ប្រាក់ ឬវត្ថុផ្សេងទៀតដែលនិយោជកផ្ដល់ឱ្យដោយផ្ទាល់ ឬដោយប្រយោលដល់និយោជិតចំពោះសកម្មភាពបម្រើការងារ ដែលនយោជិតនោះបានបំពេញ ដើម្បីជាផលប្រយោជន៍ដល់និយោជក។ អត្ថប្រយោជន៍ ដែលនិយោជកផ្ដល់ឱ្យដោយផ្ទាល់ ឬដោយប្រយោលដល់និយោជិត គឺត្រូវរាប់បញ្ចូលពន្ធលើអត្ថប្រយោជន៍បន្ថែមដោយឡែក ពីពន្ធលើប្រាក់បៀវត្ស ដែលពន្ធលើអត្ថប្រយោជន៍បន្ថែមមានអត្រាគិតពន្ធ ២០ ភាគរយ នៃតម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែម ដែលបានផ្ដល់ឱ្យនិយោជិតទាំងអស់។

អត្រាពន្ធចំពោះប្រាក់បៀវត្ស ដែលត្រូវកាត់ទុកដោយនិយោជកតាមអត្រាកំណើនតាមថា្នក់ថ្មី ដោយយោងតាមសេចក្ដីណែនាំស្ដីពីការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី មានដូចខាងក្រោម៖

* អត្រាពន្ធ ០% ចំពោះភាគបៀវត្សជាប់ពន្ធប្រចាំខែ ពី ០ រៀល ដល់ ១.៣០០.០០០ រៀល
* អត្រាពន្ធ ៥% ចំពោះភាគបៀវត្សជាប់ពន្ធប្រចាំខែ ពី ១.៣០០.០០១ រៀល ដល់ ២.០០០.០០០ រៀល
* អត្រាពន្ធ ១០% ចំពោះភាគបៀវត្សជាប់ពន្ធប្រចាំខែ ពី ២.០០០.០០១ រៀល ដល់ ៨.៥០០.០០០ រៀល
* អត្រាពន្ធ ១៥% ចំពោះភាគបៀវត្សជាប់ពន្ធប្រចាំខែ ពី ៨.៥០០.០០១ រៀល ដល់ ១២.៥០០.០០០ រៀល
* អត្រាពន្ធ ២០% ចំពោះភាគបៀវត្សជាប់ពន្ធប្រចាំខែ លើសពី ១២.៥០០.០០០ រៀល ។

សម្រាប់អ្នកជាប់ពន្ធអនិវាសនជន ប្រាក់ពន្ធត្រូវកាត់ទុកដោយអ្នកបើកប្រាក់ឱ្យតាមអត្រា ២០ភាគរយ លើរាល់ការទូទាត់ប្រាក់បៀវត្សជាប់ពន្ធ ។ ចំពោះការបង់ប្រាក់ពន្ធ លើប្រាក់បៀវត្ស ដែលបានកាត់ទុក ត្រូវដាក់លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធ ដែលបានកាត់ទុកដោយនិយោជកជូនរដ្ឋបាលសារពើពន្ធ ទៅតាមទម្រង់ដែលរដ្ឋបាលសារពើពន្ធ បានកំណត់យ៉ាងយឺតបំផុតត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់ពីខែដែលបានកាត់ទុក ។

សរុបមកពន្ធលើប្រាក់បៀវត្ស គឺជាកាតព្វកិច្ច របស់គ្រប់សមាសភាពដូចបានកំណត់ដោយច្បាប់ ដើម្បីជាការរួមចំណែកដល់ប្រទេសជាតិ ហើយរាល់ការអនុវត្តពន្ធលើប្រាក់បៀវត្ស ត្រូវអនុវត្តតាមការកំណត់ក្នុងច្បាប់ស្ដីពីសារពើពន្ធ និងប្រកាសស្ដីពីពន្ធលើប្រាក់បៀវត្សរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងលោក លី លីនដូ ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕