(ឡាសវេហ្គាស)៖ Formula One នឹងបន្តប្រារព្ធឡើងនូវព្រឹត្តិការណ៍ Saudi Arabian Grand Prix បើទោះបីជាមានការវាយប្រហារមួយ លើឃ្លាំងស្តុកប្រេងឥន្ធនៈនៅជិតផ្លូវប្រណាំង នៃកម្មវិធីនេះកាលពីចុងសប្តាហ៍មុន និងការរិះគន់នៃកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនេះក្តី។ នេះបើតាមសម្តីលោក Stefano Domenicali នាយកប្រតិបត្តិ F1 បានប្រាប់ Reuters នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២។

ការវាយប្រហារដោយក្រុម Houthi គាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែន បានធ្វើឲ្យមានការចោទសួរថាតើការប្រណាំងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននៅទីក្រុង Jeddah នឹងប្រារព្ធឡើងឬក៏អត់ ប៉ុន្តែបន្ទាប់ពីការពិភាក្សា F1 និងកីឡាករប្រណាំងបានសម្រេចរួមគ្នាក្នុងការបន្តប្រារព្ធឡើងដោយទទួលបានការធានាសន្តិសុខ ពីអាជ្ញាធរអារ៉ាប៊ីសាអូឌីត។

គួរជម្រាបថា អារ៉ាប៊ីសាអូឌីត បានធ្វើជាម្ចាស់ផ្ទះនៃ F1 ជាលើកដំបូងកាលពីឆ្នាំមុនសម្រាប់ព្រឹត្តិការណ៍ Saudi Arabian Grand Prix បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងរយៈពេល ១៥ឆ្នាំ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រណាំងរថយន្តលំដាប់ពិភពលោកមួយនេះ៕