(ម៉ូស្គូ)៖ កីឡាករតេន្នីស Daniil Medvedev របស់រុស្ស៊ី នឹងអវត្តមានពីការប្រកួតរយៈពេលចាប់ពី ១ទៅ២ខែ ដោយសារលោកត្រូវធ្វើការវះកាត់បញ្ហាក្លនលូន (ពោះវៀនធ្លាក់ចូលស្រោមពងស្វាស)។ នេះបើតាមកីឡាករលំដាប់ទី២ របស់ពិភពលោកបានលើកឡើងនាថ្ងៃសៅរ៍ ដែលបណ្តាលឲ្យមានការប៉ះពាល់ ដល់ការចូលរួមប្រកួតរបស់លោកក្នុងព្រឹត្តិការណ៍ French Open នៅខែក្រោយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២។

Medvedev ដែលបានឈ្នះពានរង្វាន់ US Open កាលពីឆ្នាំមុន និងបានចាញ់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Australian Open ក្រោមថ្វីដៃកីឡាករ Rafael Nadal កាលពីខែមករានោះ នឹងខកខានការប្រកួតក្នុងព្រឹត្តិការណ៍ Monte Carlo Masters ព្រមទាំងព្រឹត្តិការណ៍ ATP 1000 នៅទីក្រុង Madrid និង Rome ក្នុងខែឧសភាខាងមុខផងដែរ។

សូមជម្រាបថា ព្រឹត្តិការណ៍ French Open នឹងប្រារព្ធឡើងនៅទីក្រុង Paris ចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី០៥ ខែមិថុនាខាងមុខនៅប្រទេសបារាំង៕