(ភ្នំពេញ)៖ ពានរង្វាន់បាល់ទាត់សប្បុរសធម៌ Dana Try Charity Cup 2022 បានបញ្ចប់ការប្រកួតដោយជោគជ័យ បន្ទាប់ពីដំណើរការជាង ១ខែដោយមាន ៨ក្រុមចូលរួម ខណៈជើងឯក បានទៅលើក្រុម Avatar FC បន្ទាប់ពីវាយបកឈ្នះគូប្រជែង 12 Happy FT ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី ៤-៣ នៅកីឡដ្ឋានវេស្ទើននាល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

ជំនួបវគ្គផ្ដាច់ព្រ័ត្រនេះ Avatar FC ស៊ុតបំប៉ោងសំណាញ់ទីគូប្រកួត ១គ្រាប់មុន តែត្រូវបាន 12 Happy វាយបកនាំមុខ ៣-១ វិញ។ នៅចុងវគ្គទី២ Avatar បានព្យាយាមវាយសម្រុកកាន់តែខ្លាំង រហូតរកគ្រាប់តាមស្មើ ៣-៣ ដែលនាំឲ្យការប្រកួតឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ដោយក្រុម Avatar បានយកឈ្នះក្រុម 12 Happy ក្នុងលទ្ធផល ៤-៣ តែម្ដង។

ជាមួយការគ្រងតំណែងជើងឯកពានរង្វាន់សប្បុរសធម៌ រដូវកាលទី១ ខាងលើនេះ ក្រុមជយលាភី ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីលោកស្រី ទ្រី ដាណា សម្រាប់ក្រុមជើងឯក Avatar FC ទទួលបាន ១ពាន់ដុល្លារ ខណៈក្រុមចំណាត់ថ្នាក់លេខ២ 12 Happy ទទួលបាន ៥០០ដុល្លារ និងក្រុមចំណាត់ថ្នាក់លេខ៣ ស្ទួន ក៏ទទួលបានថវិកាលើទឹកចិត្ត ៣០០ដុល្លារក្នុងមួយក្រុមផងដែរ។

សូមបញ្ជាក់ថា ពានសប្បុរសធម៌នេះបានចាប់ផ្ដើមការប្រកួតកាលពីថ្ងៃទី២៧ ខែកុម្ភៈ ក្នុងគោលបំណងស្វែងរកថវិកា ដើម្បីជួយដល់មណ្ឌលកុមារកំព្រាខ្វះខាតមួយកន្លែង នៅខេត្តកំពង់ស្ពឺ ហើយក៏ដើម្បីរួមចំណែកលើកកម្ពស់ និងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាផងដែរ។ តាមគម្រោងពាននេះនឹងរៀបចំ ៦ខែម្ដង។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការរៀបចំការប្រកួត៕