(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាប្រដាល់ដ៏ធំ «ស្ដេចប្រដាល់អង្គរ ឬ Angkor King Fight» លើកទី១ នឹងលេចវត្តមានលើទឹកដីអង្គរ ខេត្តសៀមរាប នាថ្ងៃទី១០ ខែមេសាខាងមុខ ខណៈកម្ពុជានឹងយកវេទិកានេះ ដើម្បីប្រកាសយុទ្ធនាការផ្សព្វផ្សាយកីឡាអត្តសញ្ញាណជាតិ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

លោកបន្ដថា កីឡាអត្តសញ្ញាណជាតិមានច្រើន មិនមែនមានតែប្រដាល់គុនខ្មែរនោះទេ មានគុនល្បុក្កតោ អុកចត្រង្គ ចំបាប់ និងកីឡាទាញព្រ័ត្រជាដើម តែការរៀបចំ គឺធ្វើឡើងជាបណ្ដើរៗដោយផ្ដើមពីប្រដាល់គុនខ្មែរ។ ការរៀបចំព្រឹត្តិការណ៍នេះ ក៏ដើម្បីផ្សាភ្ជាប់ជាមួយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍លើកដំបូងនៅខេត្តសៀមរាប ពីថ្ងៃទី០៨-១០ ខែមេសា ក្នុងគោលបំណងផ្សព្វផ្សាយ និងស្វែងរកការគាំទ្រជាអន្ដរជាតិ សម្រាប់កីឡាអត្តសញ្ញាណជាតិមួយនេះផងដែរ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា «នៅថ្ងៃទី១០ ខែមេសា ដែលយើងរៀបចំការប្រកួតកីឡាប្រដាល់ លើកទី១ នៅអង្គរ គឺជាពេលវេលាសមស្របមួយ ដើម្បីបង្ហាញជូនបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលមកធ្វើកិច្ចប្រជុំ គាត់នឹងចូលទៅទស្សនា យើងធ្វើការប្រកួត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រទេសទាំងអស់នោះ ឲ្យជួយគាំទ្រដល់គុនខ្មែរ ក៏ដូចជាក្បាច់អត្តសញ្ញាណជាតិផ្សេងទៀត ដើម្បីឲ្យពួកគាត់បញ្ជូនប្រតិភូ និងអត្តពលិករបស់គាត់ចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣»

លោកសង្កត់ធ្ងន់ថា «តាមរយៈសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានដាក់ចេញនូវយុទ្ធនាការមួយ គឺយុទ្ធនាការផ្សព្វផ្សាយកីឡាអត្តសញ្ញាណជាតិ។ តាមរយៈចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី គឺរាជរដ្ឋាភិបាល បានឲ្យគណៈកម្មាធិការជាតិ ធ្វើការផ្សព្វផ្សាយនេះ មិនមែនតែឆ្នាំ២០២២ ទេ គឺធ្វើការផ្សព្វផ្សាយរហូត ឲ្យគុនខ្មែររបស់យើង ល្បីល្បាញទាំងក្នុងប្រទេស និងក្រៅប្រទេស។ ដូច្នេះថ្ងៃទី១០ នេះ សម្ដេចពិជ័យសេនា នឹងប្រកាសយុទ្ធនាការនេះជាផ្លូវការចាប់ពីវេទិកា និងការប្រកួតរបស់យើងនៅសៀមរាបនេះតទៅ»

ដើម្បីជំរុញព្រឹត្តិការណ៍អន្ដរជាតិនេះឲ្យទទួលបានជោគជ័យ ហើយឈានទៅរកការរៀបចំប្រចាំឆ្នាំ ស្របតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ គណៈកម្មការរៀបចំ ពិសេសសហព័ន្ធកីឡាជាតិ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឲ្យអស់ពីលទ្ធភាព ដើម្បីផ្ដល់យុត្តិធម៌ជូនកីឡាករ-កីឡាការិនីក្នុងការប្រកួត។ រីឯកីឡាករ-កីឡាការិនី ត្រូវគោរពបទបញ្ជាការប្រកួត និងវិន័យឲ្យបានខ្ពស់ ទោះបីលទ្ធផលឈ្នះ-ចាញ់ក៏ដោយ ដើម្បីរក្សាគុណតម្លៃនៃកីឡា ហើយវិវឌ្ឍខ្លួនទៅរកលក្ខណៈអាជីព និងត្រៀមការប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខ។ លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម។

លោកបណ្ឌិត មៀម រ៉ា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ និងជាគណៈកម្មការរៀបចំការប្រកួតបានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រដាល់អន្ដរជាតិខាងលើ គឺមាន ១០គូ ដែលសម្រិតសម្រាំងកីឡាករ-កីឡាការិនីជើងខ្លាំងកម្ពុជា ១០រូប និងចិន ១០រូប មកតតាំងគ្នាលើសង្វៀនមុខប្រាសាទអង្គរវត្ត។ លោករំពឹងថា ការរៀបចំនេះ គឺជាឱកាសដ៏ល្អសម្រាប់កីឡាករកម្ពុជា ធ្វើការវាស់ស្ទង់ និងពង្រឹងសមត្ថភាព ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែឧសភាខាងមុខ ក៏ដូចជាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

សម្រាប់បេក្ខភាពជើងខ្លាំងត្រៀមអង្រួនសង្វៀន នៃព្រឹត្តិការណ៍ Angkor King Fight ខាងលើ រួមមានការប្រកួតបែបគុនខ្មែរមាន ២គូ គឺកីឡាករ វ៉ាន វឿន ជួបកីឡាករ Sei Zi Qin និងកីឡាករ ឈុត សេរីវ៉ាន់ថង ជួបកីឡារ Su Ke Xin។ រីឯ ៨គូទៀត ត្រូវប្រកួតបែបឃីកប៊ុកស៊ីង រួមមានកីឡាការិនី នៅ ស្រីពៅ ជួបកីឡាការិនី Li Li Shan, កីឡាករ ឡុង ប៊ុនលឿន ជួប Gao Xi Feng, កីឡាករ សុទ្ធ វាសនា ជួប Yang Hua, កីឡាករ ឡៅ ចិត្រា ជួប Wei Wei Yang, កីឡាករ ឡៅ ចិទ្រា ជួប Luo Chao, កីឡាករ ឈឿង ឡាវី ជួប Han Wen Bao, កីឡាករ ព្រំ សំណាង ជួប Wang Ao Gang និងកីឡាករ ផល សោភ័ណ្ឌ ជួបជើងខ្លាំងចិន Wei Rui ក្នុងនាមគូឯក៕