(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន ហេងស៊ីន រៀលអ៉ីសស្ទេត នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំកម្មពិធីបើកសម្ពោធការិយាល័យថ្មី ដែលមានទីតាំងនៅទល់មុននឹងផ្សារម៉ាក្រូ ដើម្បីឆ្លើយតបនឹងតម្រូវការលើសេវាកម្មអចលនទ្រព្យ ក៏ដូចជាការងើបឡើងរបស់សេដ្ឋកិច្ច។

ក្រុមហ៊ុន ខេមបូឌាន ហេងស៊ីន រៀលអ៉ីសស្ទត គឺជាក្រុមហ៊ុនបម្រើការលើសេវាកម្ម អចលនទ្រព្យ ដែលផ្តោតសំខាន់ទៅលើការលក់គម្រោង បច្ចុប្បន្នក្រុមហ៊ុនក៏ទទួលបានគម្រោងមួយចំនួនលក់ផ្តាច់មុខផងដែរ។ ជាចក្ខុវិស័យរបស់ក្រុមហ៊ុន ក្រៅពីសេវាកម្មអចលនទ្រព្យ ហេង ស៊ីន នឹងអភិវឌ្ឍន៌ខ្លួនទៅជាអ្នកអភិវឌ្ឃន៌គម្រោងនាថ្ងៃអនាគត។

លោក លឹម រ៉ាវុធ អគ្គនាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន ខេមបូឌាន ហេងស៊ីន រៀលអ៉ីសស្ទត បានលើកឡើងថា បេសកកម្មចំបងរបស់ក្រុមហ៊ុន គឺយើងនឹងជួយពង្រឹងវិស័យអចលនទ្រព្យអោយរីកចំរើន តាមរយះការពង្រឹងគុណភាពរបស់ភ្នាក់ងារអចលនទ្រព្យអោយការមានប្រសិទ្ធិភាព ប្រកបដោយវិជ្ជាជីវៈ។ លោកបន្តលើកឡើងថា មូលហេតុដែលក្រុមហ៊ុនសម្រេចជ្រើសយកទីតាំងនេះ ដោយសារលោកបានសម្លឹងឃើញពីសក្តានុពលរបស់ខណ្ឌសែនសុខ។ គម្រោងធំៗជាច្រើនបានបញ្ចប់ និងកំពុងដំណើរការនៅក្នុងតំបន់ខណ្ឌសែនសុខ ដូចជាផ្សារម៉ាក្រូ ផ្សារទំនើបអ៉ីអន ២ គម្រោងបុរី ព្រីន ជាដើម។

ជាមួយគ្នានេះដែរ កញ្ញា អ៊ុ ឆោមចរិយា នាយកផ្នែកបណ្តាញអតិថិជន បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមហ៊ុន ហេងស៊ីន កំពុងមានគម្រោងធំៗជាច្រើន នៅក្នុងដៃស្របពេលគ្នានេះដែរ ពួកយើងក៏មានគម្រោងផ្តាច់មុខមួយចំនួនផងដែរ ហើយគម្រោងទាំងអស់នេះសុទ្ធសឹងជាគម្រោងដែលងាយលក់ដោយសារតែសក្តានុពលរបស់គម្រោងផ្ទាល់ ទៅលើទីតាំងតម្លៃ និងអត្ថប្រយោជន៍ជូនដល់អតិថិជន។

ដូច្នេះហើយក្រុមហ៊ុន ហេងស៊ីន កំពុងតែស្វែងរកដៃគូសហការដែលអាចនាំគុណប្រយោជន៍ និងឱកាសល្អៗទាំងនេះ ទៅដល់អតិថិជនបាន។ ចំពោះដៃគូសហការ គឺពួកយើងមិនប្រកាន់ថាតើពួកគាត់ជាភ្នាក់ងារស្រាប់ ឬជាអ្នកលក់ឯករាជ្យនោះឡើយ សំខាន់គឺទឹកចិត្តរបស់ពួកគាត់ដែលចង់ចូលរួមជាមួយពួកយើង។

ជាងនេះទៅទៀត ងាកមកមើលអត្ថប្រយោជន៍ដែល ក្រុមហ៊ុន ហេងស៊ីន នឹងផ្តល់ឱ្យដៃគូសហការ ដោយហ៊ានធានាថាខ្ពស់ជាងគេក្នុងទីផ្សារបច្ចុប្បន្ន ទាំងកម្រៃជើងសារ ទាំងអត្ថប្រយោជន៍ផ្សេងៗទៀត។ អ្វីដែលពិសេសជាងនេះ នោះគឺកម្រៃជើងសារពួកគាត់នឹងទទួលបានតួលេខសរុបតែម្តង នៅពេលដែលអតិថិជនបំពេញកិច្ចសន្យារួចរាល់ ដោយមិនចាំបាច់រង់ចាំដល់អតិថិជនបង់លុយអស់នោះទេ។

បន្ថែមពីនេះទៀត ចូលរួមជាមួយ ក្រុមហ៊ុន ហេងស៊ីន មានបុគ្គលិកខ្លាំងៗនៅក្នុងវិស័យនេះ រង់ចាំបំពាក់បំប៉ននូវចំណេះដឹង ទីផ្សារអចលនទ្រព្យព្រមទាំងជំនាញសំខាន់ៗ ដើម្បីឱ្យដៃគូរសហការក្លាយជាអ្នកជំនាញកំពូលជាងមុនទៀតក្នុងវិស័យអចលទ្រព្យតែម្តង។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១០ ៦០ ៧០ ៨៨/ ០៩៩ ៤២ ៩៧ ៨៩៕