(បាម៉ាកូ)៖ សហព័ន្ធបាល់ទាត់ម៉ាលី បានសម្រេចបញ្ចប់តំណែងគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ Mohamed Magassouba ជាផ្លូវការហើយ បន្ទាប់ពីការបរាជ័យរបស់ពួកគេក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ ធ្វើឲ្យរូបលោកក្លាយជាគ្រូបង្វឹកទី២ ហើយនៅទ្វីបអាហ្វ្រិក ដែលត្រូវបានបណ្តេញចេញពីតំណែងក្នុងសប្តាហ៍នេះ បន្ទាប់ពីការប្រកួតជម្រុះបានបញ្ចប់កាលពីថ្ងៃអង្គារ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២។

គ្រូបង្វឹកវ័យ ៦៤ឆ្នាំ ដែលបានឡើងដឹកនាំក្រុមជម្រើសជាតិរបស់លោកចាប់តាំងពីឆ្នាំ២០១៧ នោះ ត្រូវបានដកចេញពីតំណែង ជាមួយនឹងបុគ្គលិកទាំងអស់របស់លោកដែរ។ នេះបើតាមសហព័ន្ធបាល់ទាត់ម៉ាលីបានប្រាប់ឲ្យដឹង។

ម៉ាលី បានចាញ់ក្នុងលទ្ធផល ១-០ នៃការប្រកួតទាំងពីរជើង ក្រោមថ្វីជើងក្រុមទុយនេស៊ី នៅក្នុងការប្រកួតជម្រុះជុំផ្តាច់ព្រ័ត្រ World Cup របស់ពួកគេ ក្នុងសប្តាហ៍នេះ ដោយផ្តល់ឲ្យក្រុមភ្ញៀវនូវគ្រាប់បាល់ស៊ុតចូលទីខ្លួនឯង ១គ្រាប់ក្នុងការប្រកួតជើងដំបូងកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅទីក្រុង Bamako។

គួរជម្រាបថា នីហ្សេរីយ៉ា កាលពីថ្ងៃសុក្រក៏បានបណ្តេញគ្រូបង្វឹករបស់ពួកគេ Augustine Eguavoen ចេញពីតំណែងផងដែរ បន្ទាប់ពីបានចាញ់ហ្គាណា ក្នុងការប្រកួតជម្រុះផ្តាច់ព្រ័ត្រ World Cup ដូចគ្នា៕