(បរទេស)៖ ក្រុមហ៊ុន Yandex បានប្រកាសថា លោកស្រី Elena Bunina បាននិងកំពុងលាលែងពីតំណែងនាយកប្រតិបត្តិ (CEO) ប្រចាំប្រទេសរុស្ស៊ី ដោយលោកស្រីនឹងចាកចេញជាផ្លូវការនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Reuters ដែលបានចេញផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ Yandex បានឱ្យដឹងថា លោកស្រី Bunina បានលាឈប់ពីតំណែង CEO និង តំណែង នាយកធនធានមនុស្ស (HR director) របស់ Yandex LLC (ប្រចាំប្រទេសរុស្ស៊ី) ក្រោមហេតុផលផ្ទាល់ខ្លួន ខណ :ដែល លោក Artem Savinovsky បច្ចុប្បន្នជាប្រធានគ្រប់គ្រង់ជាន់ខ្ពស់នឹងត្រូវឡើងកាន់តំណែង CEO នេះជាបណ្ដោះអាសន្នសិន។

កាលពីខែមុន លោក Tigran Khudaverdyan បានលាលែងពីតំណែងអគ្គនាយក និង CEO ស្ដីទីរបស់ក្រុមហ៊ុន Yandex NV ដែលជាបុត្រសម្ព័ន្ធរបស់ Yandex LLC ប្រចាំប្រទេសហូឡង់ បន្ទាប់ពីសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មដល់ ពាណិជ្ជករ និងក្រុមហ៊ុនរុស្ស៊ី ពាក់ព័ន្ធនឹងការវាយប្រហារលើប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ផងដែរថា Yandex គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេបំផុតរបស់រុស្ស៊ី ដែលបច្ចុប្បន្នមានការិយាល័យចំនួន ៣០នៅជុំវិញពិភពលោក ដោយផ្ដល់សេវាកម្មធំបំផុតខាងអ៊ីនធើណែត និងរកចំណូលបានជិត ៥ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២១៕