(ប៉ារីស)៖ ទីបំផុតតារាឆ្នើមទាំង៣ រួមមាន Lionel Messi, Kylian Mbappe និង Neymar (MMN) អាចស៊ុតបញ្ចូលទីរួមគ្នាក្នុង ១ប្រកួតបានហើយ នៅពេល Paris Saint-Germain បំបាក់គូប្រជែង Lorient ក្នុងលទ្ធផល ៥-១ នៅរាត្រីឆ្លងចូលថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

២គ្រាប់របស់ Mbappe នៅនាទី២៨ និងនាទី៦៧ គឺជាគ្រាប់បាល់លើកទី១៧ ក្នុង Ligue 1 របស់បារាំងនារដូវកាលនេះ ដ្បិត PSG បាននាំមុខកំពូលតារាងដាច់ ១២ពិន្ទុហើយនាពេលនេះ បើប្រៀបធៀបនឹងក្រុមលេខ២ Marseille ដែលមាន ៥៦ពិន្ទុនោះ។

ខ្សែប្រយុទ្ធ Neymar ក៏រកបាន ២គ្រាប់ រួមទាំងគ្រាប់បើកឆាកត្រឹមចាប់ផ្តើមលេងបាន ១២នាទីដែរ និងគ្រាប់ទី៥ ក្នុងប្រកួតនៅលីគកំពូលបារាំងនារដូវកាលនេះ ដ្បិត Lorient នៅក្រៅតំបន់កាត់ចោលតែ ១ពិន្ទុប៉ុណ្ណោះក្នុងចំណោម ២៨ពិន្ទុសរុបរបស់ពួកគេ ក្រោយឆ្លងកាត់បាន ៣០ប្រកួតជើងទី២ នេះ។

ដូចគ្នានោះដែរ ខ្សែប្រយុទ្ធជួរមុខដូចគ្នា Lionel Messi ដែលចូលរួមជា PSG ក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំផងនោះ រកបានគ្រាប់ទី៥ ចុងក្រោយនៅនាទី៧៣ និងក៏ជាទី៣ របស់គេផងដែរក្នុងការបង្ហាញខ្លួន ១៩លើកក្នុង Ligue 1 រដូវកាលនេះ៕