(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ (CPL) បានបញ្ចប់ការប្រកួតសប្ដាហ៍ទី៥ ហើយ ពោលគឺនៅសល់ ២សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងបញ្ចប់ការប្រកួតជុំទី១ ស្របពេលក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ទើបស្គាល់ជ័យជម្នះលើកដំបូង។ រីឯក្រុមព្រះខ័នរាជស្វាយរៀង បានរក្សាកំណត់ត្រាលេងមិនចាញ់ ក្រោយប្រកួតស្មើណាហ្គាវើលដ៏ ១-១។

ជ័យជម្នះលើកដំបូងរបស់ក្រុមសិង្ហក្រហមនារដូវកាលថ្មីនេះ គឺបានយកឈ្នះក្រុមភ្ញៀវគិរីវង់ ៦-១ កាលពីចុងសប្ដាហ៍កន្លងទៅ។ ៦គ្រាប់របស់អតីតជើងឯក ៧សម័យនេះ ធ្វើបានសម្រេចដោយកីឡាករ Andres Nieto ៣គ្រាប់, កីឡាករ យ៉ើ មូស្លីម, Valerii Hryshyn និងកីឡាករ Fareed Sadat ម្នាក់ ១គ្រាប់។ ជ័យជម្នះនេះធ្វើឲ្យក្រោន រំកិលមកឈរលេខ៦ និងមាន ៥ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួត ឈ្នះ១ ស្មើ២ និងចាញ់២។

ចំណែកស្វាយរៀងវិញ នៅតែរក្សាភាពខ្លាំងរបស់ខ្លួន ទោះបីបានត្រឹមចែក ១ពិន្ទុជាមួយក្រុមភ្ញៀវណាហ្គា តែពួកគេបានរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់ ដ្បិតការប្រកួតជើងទី១ ខិតជិតនឹងបញ្ចប់ទៅហើយ។ គ្រាប់បាល់ស្មើគ្នានៃជំនួបដ៏ជក់ចិត្តនេះ គឺកីឡាករ Marcus Haber ស៊ុតបំប៉ោងសំណាញ់ទីណាហ្គា ១គ្រាប់មុននៅនាទី៧០ តែ ៨នាទីបន្ទាប់ កីឡាករ Fumiya Kogure ក៏បានស៊ុតគ្រាប់តាមស្មើវិញដែរ។

ដោយឡែកលទ្ធផលការប្រកួតសប្ដាហ៍ទី៥ ចំនួន ២គូផ្សេងទៀត គឺបឹងកេត បានវាយបកយកឈ្នះក្រុមវិសាខា ក្រៅដីដោយលទ្ធផល ២-១ ស្របពេលក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ បានយកឈ្នះកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៥-៤។

គិតត្រឹមសប្ដាហ៍ទី៥ ព្រះខ័នរាជស្វាយរៀង នៅតែបន្ដឈរកំពូលតារាងដោយមាន ១៣ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងស្មើ១ ខណៈណាហ្គា ឈរលេខ២ មាន ១០ពិន្ទុ ជាលទ្ធផល ៥ប្រកួត ឈ្នះ៣ ស្មើ១ និងចាញ់១។ រីឯនាគខៀវបឹងកេត ឈរលេខ៣ មាន ៩ពិន្ទុ នាំមុខវិសាខា និងអង្គរថាយហ្គឺរ ដែលមាន ៧ពិន្ទុស្មើគ្នា៕