(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខរថយន្ដ CHANGAN Automobile បានរៀបចំពិធីសម្ពោធរថយន្តថ្មី និងបើក ដំណើរការជាផ្លូវការអគារតាំងបង្ហាញ CHANGAN AUTO CAMBODIA ដើម្បីស្វាគមន៍នូវការមកដល់របស់រថយន្តទំនើប CHANGAN មកកាន់ប្រទេសកម្ពុជា និងការដា ក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគារតាំងបង្ហាញ របស់ក្រុមហ៊ុនរថយន្តទំនើប CHANGAN AUTO នៅរាជធានីភ្នំពេញ។

ពិធីនេះបានធ្វើឡើងនាល្ងាចទី០១ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាលខណ្ឌចំការមន លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) លោក នូ ណារុណ ប្រធានគ្រប់គ្រងទូទៅ CHANGAN AUTO គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៧៦៧B ផ្លូវ មុន្នីវង្ស សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាមួយនឹងការសម្ពោធបើកជាផ្លូវការ អគារតាំងបង្ហាញនេះ ក្រុមហ៊ុនរថយន្ត CHANGAN ក៏បាននាំចូលនូវរថយន្ដម៉ូដែល CS75 Plus ដែលជាប្រភេទរថយន្ដ Crossover ស៊េរីឆ្នាំ២០២២ ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា និងធ្វើការសម្ពោធជាផ្លូវការក្នុងការបើកលក់ក្នុងទីផ្សារប្រទេសកម្ពុជានៅថ្ងៃជាមួយគ្នាតែម្ដង។ រថយន្ត CHANGAN ម៉ូឌែល CS75 Plus ត្រូវបានរចនាឡើងផ្តោតទៅលើចំនុចធំៗបីគឺ រចនាបទ អនុភាព និងសុវត្ថិភាព។ រថយន្តទំនើបស៊េរីឆ្នាំ២០២២ នេះ ជាប្រភេទរថយន្ត SUV កាត់ស្ព័រ ៥កៅអី ដែលបានបំពាក់ម៉ាស៊ីន Blue Wale ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន CHANGAN។

រថយន្តនេះអាចផលិត កម្លាំងសេះបានរហូតដល់ 233Hp និងកម្លាំងរមួល 360N.M ប្រើប្រាស់ប្រអប់លេខ AISIN ៨វគ្គអូតូ រួមជាមួយលេខដៃ ដែលជាបច្ចេកវិទ្យារបស់ ប្រទេសជប៉ុន និងកម្រិតស៊ីសាំងត្រឹមតែ 6.3L/100Km ។ CS75 Plus មានប្រពន្ធ័សុវត្ថិភាពដែលត្រូវបានបំពាក់លើរថយន្តនេះរួមមាន៖ ប្រព័ន្ធហ្រាំង ABS ប្រព័ន្ធបែងចែក កំលាំង EBD ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់, ប្រព័ន្ធសោរឆ្លាតវៃ Smart Key ដែលអាចបញ្ជាបញ្ឆេះរថយន្តពីចម្ងាយ មានប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និងចុះចំណោត, ប្រព័ន្ធចាប់ហ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអោយអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ និងពិសេសចុងក្រោយគឺប្រព័ន្ធ ជំនួយ ចូលចតដោយស្វ័យប្រវត្តិ។

លើកឡើងនាឱកាសនោះលោក ងន សាំង បានបញ្ជាក់ថា នេះជាមោទកភាពថ្មី និងសមិទ្ធផលថ្មីមួយទៀតហើយសម្រាប់ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលបាន បើក សម្ពោធ ជាផ្លូវការនូវអគារតាំងបង្ហាញ CHANGAN និងធ្វើការនាំចូលនូវរថយន្តម៉ាកល្បីមួយទៀតគឺ រថយន្តស៊េរីទំនើប CS75 Plus មកក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា គ្រប់ទំហំគ្រួសារ។

លោកអគ្គនាយក បានបន្តទៀតថា នេះជាបទពិសោធន៍ថ្មី និងប្លែកសម្រាប់អតិថិជននៅកម្ពុជា ដែលបានស្គាល់នូវរថយន្តម៉ាកល្បីមកប្រទេសចិនគឺរថយន្ត CHANGAN ដែលមានគុណភាពខ្ពស់ រឹងមាំ ទំនើប និងស៊ីវិល័យ ព្រមទាំងមានតម្លៃសមរម្យ និងបានលើកទឹកចិត្តឲ្យអតិថិជនចាប់ផ្ដើមងាកមកជាវ និងប្រើប្រាស់រថយន្តម៉ាក CHANGAN វិញម្ដង ដើម្បីឲ្យដឹងកាន់តែច្បាស់អំពីគុណភាពដ៏ល្អរបស់រថយន្តស៊េរីទំនើប CS75 Plus។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 011 999 375 ឬចូលទៅកាន់ទំព័រទំនាក់ទំនងសង្គម៖ Changan Cambodia ៕