(ភ្នំពេញ)៖ ការប្រកួតកីឡាអេឡិចត្រូនិចដណ្ដើមពានរង្វាន់ T.Y E-Champion 2022 រដូវកាលទី១ លើវិញ្ញាសា Mobile Legend Bang Bang បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតជិត ៣ខែ ដោយក្រុមជើងឯកបានទៅក្រុម Burn X Flash បន្ទាប់ពីយកឈ្នះក្រុមខ្លាំង See You Soon ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅលើទំនើបអ៊ីអនសែនសុខ។
ព្រឹត្តិការណ៍នេះបានរៀបចំការប្រកួតជា ៣ដំណាក់កាលជុំទី១-ការប្រកួតជម្រុះបឋម ដែលមាន ២៥៦ក្រុមចូលរួមចាប់ពីថ្ងៃទី១៧-២៣ ខែមករា ហើយបានចម្រាញ់ក្រុមខ្លាំង ៣២ក្រុមឡើងមកប្រកួតជម្រុះជុំទី២ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា មុនរកឃើញក្រុមខ្លាំង ៨ក្រុមចុងក្រោយ ដើម្បីធ្វើការប្រកួតជុំផ្ដាច់ព្រ័ត្រកាលពីចុងសប្ដាហ៍កន្លងទៅ។
ជាលទ្ធផលនៃការប្រកួតជុំចុងក្រោយ ក្រុម Burn X Flash បានលើកពាន អមប្រាក់រង្វាន់ ៥០លានរៀល ខណៈក្រុម See You Soon ទទួលបានចំណាត់ថ្នាក់លេខ២ អមប្រាក់រង្វាន់ ២៥លានរៀល។ រីឯលេខ៣ ក្រុម Impunity KH ទទួលបានប្រាក់រង្វាន់ ១៥លានរៀល ខណៈលេខ៤ ក្រុម DG Quantum ទទួលបានប្រាក់រង្វាន់ ៤លានរៀល។ ចំណែក ៤ក្រុមផ្សេងទៀត ដែលឈានដល់វគ្គ ៨ក្រុមចុងក្រោយ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តក្នុងមួយក្រុម ១លាន ៥សែនរៀលផងដែរ។
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡារអេឡិចត្រូនិកកម្ពុជាបានចាត់ទុកថា ពានរង្វាន់នេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងការជួយជំរុញការអភិវឌ្ឍគុណភាព សមត្ថភាពកីឡាករកាន់តែរីកចម្រើន ស្របពេលកីឡាអេឡិចត្រូនិចកម្ពុជា កំពុងមានបេសកកម្មធំៗពីរចំពោះមុខ គឺត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ និងត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕