(ក្រុងឡុងដ៍)៖ ការប្រជែងយកចំណាត់ថ្នាក់លេខ៤ Top-4 នៅលីគកំពូលអង់គ្លេស ដើម្បីបានលេងពាន UEFA Champions League រដូវកាលក្រោយ កាន់តែស្វិតស្វាញខ្លាំងឡើង នៅពេលកាំភ្លើងធំ Arsenal បរាជ័យក្នុងផ្ទះរបស់ Crystal Palace ដោយលទ្ធផល ៣ទល់នឹង០ នៅរាត្រីឆ្លងចូលថ្ងៃអង្ការ ទី០៥ ខែមេសា ឆ្នាំ២០២២។

ក្តីសង្ឃឹមឡើងទៅឈរនៅលេខរៀងទី៤ ក្រុមរបស់លោក Mikel Arteta ត្រូវបានរលាយបាត់ ដ្បិតមិនអាចយកបាន ៣ពិន្ទក្រៅដីជាលើកទី៦ របស់ពួកគេពីជំនួបក្នុងសប្តាហ៍ទី៣០ ជើងទី១ ដោយនៅសល់ ១ប្រកួតក្នុងដៃទៀតដែរ។

ពួកគេបានជួបភាពលំបាកខ្លាំងណាស់ ក្នុងការរកគ្រាប់បាល់នៅកីឡដ្ឋាន Selhurst Park នៅពេល Crystal ដឹកនាំដោយអតីតប្រធានក្រុម Arsenal គឺលោក Patrick Vieira មានតែត្រូវបាន Jean-Philippe Mateta និង Jordan Ayew រកបានម្នាក់ ១គ្រាប់ដូចគ្នានៅវគ្គទី១។

ក្រោយខកខានឱកាសជាច្រើនលើកច្រើនសារ Arsenal ក៏បន្តរងពិន័យបាល់ ១១ម៉ែត្រទៀត ពីការស៊ុតបានសម្រេចនៅនាទី៧៤ ដោយកីឡាករ Wilfried Zaha ដែលបានបញ្ចប់កំណត់ត្រាលេងឈ្នះ ៥ប្រកួតក្រៅដីត្រឹមនេះដែរ នៅពេល Crystal Palace បានរំកិលទៅកាន់លេខ៩ ជាមួយ ៣៧ពិន្ទុ និង Spurs ឈរលេខ៤ ស្មើ Arsenal ប៉ុន្តែមានគ្រាប់បាល់ចំណេញច្រើនជាង៕