(សេអ៊ូល)៖ ក្រុមហ៊ុន Samsung Electronics Co Ltd ទំនងជានឹងប្រកាសបង្ហាញពីប្រាក់ចំណេញប្រចាំត្រីមាសទី១ ដែលមានចំនួនខ្ពស់បំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៨ ដោយការប៉ាន់ប្រមាណរបស់អ្នកវិភាគបានបង្ហាញថា កត្តាដែលជម្រុញឱ្យមានការកើនឡើងនូវប្រាក់ចំណេញយ៉ាងលឿនបែបនេះ មួយភាគធំបានមកពីការលក់បន្ទះឈីប Memory។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២។
តាមការបញ្ជាក់របស់អ្នកវិភាគបានឱ្យដឹងថា ប្រាក់ចំណេញប្រតិបត្តិការសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូន នឹងបន្ទះឈីប Memory ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ទំនងជាឈានដល់ ១៣.៣ ពាន់ពាន់លានវ៉ុន (ប្រហែល ១០.៩ ពាន់លានដុល្លារអាមេរិក)។ ខណៈដែលការកើនឡើងមានចំនួនដល់ទៅ ៤១ភាគរយ ដោយកាលពីឆ្នាំមុនមានចំនួនត្រឹមតែ ៩.៣៨ ពាន់ពាន់លានវ៉ុនប៉ុណ្ណោះ ហើយនេះក៏ជាប្រាក់ចំណេញខ្ពស់បំផុតរបស់ក្រុមហ៊ុន Samsung ដែលរកបាន ក៏ប៉ុន្តែមានចំនួនធ្លាក់ចុះបើធៀបទៅនឹងប្រាក់ចំណូលដែលរកបានកាលពីឆ្នាំ២០១៨។
ទន្ទឹមនឹងនេះប្រាក់ចំណេញរបស់បន្ទះឈីបនៅត្រីមាសទី១ របស់ក្រុមហ៊ុន Samsung ទំនងជានឹងឈានដល់ ៧.៦ពាន់ពាន់លានវ៉ុន ដែលមានចំនួនច្រើនជាងពីរដងបើធៀបទៅនឹងឆ្នាំមុនដែលមានត្រឹមតែ ៣.៣៧ ពាន់ពាន់លានវ៉ុនប៉ុណ្ណោះ។
ដោយឡែកប្រាក់ចំណេញរបស់អាជីវកម្មស្មាតហ្វូនវិញត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនត្រឹមតែ ៤.០៤ ពាន់ពាន់លានវ៉ុន ដែលមានចំនួនធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំមុនចំនួន ៤.៣៨ ពាន់ពាន់លានវ៉ុន ប៉ុន្តែលើសពីប្រាក់ចំណេញស្មាតហ្វូនរបស់ខ្លួនដែលរកបានក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ដល់ ២០២០។
ប្រភពពីលោក Greg Roh ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Hyundai Motor Securities បានលើកឡើងថា មួយផ្នែកធំនៃការកើនឡើងរបស់ Samsung ក៏បានមកពីការបញ្ជេញស្មាតហ្វូនម៉ូដែលថ្មី Galaxy S22 កាលពីខែកុម្ភៈកន្លងទៅ ដែលទំនងជាលក់បានប្រហែល ៨លានគ្រឿងក្នុងអំឡុងត្រីមាសទី១ ដែលធ្វើឱ្យកំណើននៃការលក់នេះកើនឡើងយ៉ាងឆាប់រហ័ស។ ខណៈដែលលោបានបន្ថែមទៀតថា Samsung មានចំណែកធំបំផុតនៃទីផ្សារស្មាតហ្វូនរបស់រុស្ស៊ីប្រហែល ៣០ ភាគរយ ប៉ុន្តែត្រូវបានផ្អាកការនាំចេញក្នុងចំនួនដ៏ច្រើននៅទីនោះ ចាប់តាំងពីសង្រ្គាមរវាង រុស្ស៊ី-អ៊ុយក្រែនកើតឡើង បានធ្វើឱ្យទីផ្សារស្មាតហ្វូនធ្លាក់មកនៅត្រឹមតែ ២ភាគរយប៉ុណ្ណោះ។
គួរជម្រាបដែរថា កាលពីខែមុន សហនាយកប្រតិបត្តិ (co-CEO) របស់ក្រុមហ៊ុន Samsung បានដោះស្រាយកង្វល់របស់ម្ចាស់ភាគហ៊ុន អំពីដំណើរការផលិតរបស់ខ្លួនសម្រាប់បន្ទះឈីបដែលមានទំហំតូចត្រឹមតែ 5-nanometre ដោយបញ្ជាក់ថាពួកគេកំពុងតែកែលម្អបន្តិចម្តងៗទៅលើទំហំបន្ទះឈីបនោះ៕