(កូរ៉េ)៖ គណៈកម្មាធិការទទួលបន្ទុកផ្នែកសិល្បៈវប្បធម៌ របស់ប្រធានាធិបតីជាប់ឆ្នោតថ្មីកូរ៉េខាងត្បូង ត្រូវបានរាយការណ៍ថា បានជួបពិភ្សាការជាមួយនាយកប្រតិបត្តិក្រុមចម្រៀងចម្រៀងធំៗក្នុងប្រទេស ដូចជា SM Entertainment, JYP, HYBE Label និងក្រុមហ៊ុនជាច្រើនទៀតនាល្ងាចម្សិលមិញនេះ ដើម្បីផ្តល់ការគាំទ្របន្ថែមលើវិស័យចម្រៀង ក្នុងគោលបំណងឲ្យវិស័យ K-POP របស់កូរ៉េខាងត្បូងកាន់តែមានឥទ្ធិពលខ្លាំងជាងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន All Kpop។

បើតាមសេចក្តីរាយការណ៍បានបង្ហាញថា កិច្ចប្រជុំពិភាក្សានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅវេលាម៉ោង៣រសៀល (ពេលវេលានៅកូរ៉េខាងត្បូង)។ គណៈកម្មាធិការគ្រោងនឹងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីគាំទ្រតន្ត្រីដ៏ពេញនិយមក្នុងប្រទេសរបស់ខ្លួន ក្នុងការលើកកម្ពស់ឧស្សាហកម្មតន្ត្រី។ លើសពីនេះ ខ្លួនគ្រោងនឹងពិភាក្សាអំពីការផ្លាស់ប្តូរផ្នែកច្បាប់ និងផ្នែករដ្ឋបាលនានាដែលចាំបាច់ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវសកលភាវូបនីយកម្មនៃវិស័យ K-Pop ។

ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការ បានកំណត់របៀបវីរៈមួយទាក់ទងនឹងការលើកលែងកាតព្វកិច្ចយោធា សម្រាប់សិល្បករបុរស ដែលមានលក្ខណៈគ្រប់គ្រាន់។ ប៉ុន្តែក្នុងនោះ មិនបានបញ្ជាក់អំពីករណីរបស់ក្រុមចម្រៀងបុរស BTS ឡើយ។ គណៈកម្មាធិការបានពន្យល់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបង្កើតរបៀបវារៈរបស់រដ្ឋាភិបាលជាក់ស្តែងបន្ថែមទៀត ដែលអាចជួយជំរុញឱ្យប្រទេសកូរ៉េក្លាយជាមហាអំណាចវប្បធម៌៕