(សៀមរាប)៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានតាអោង ដែលជាស្ពានបុរាណមួយ កសាងឡើងនៅក្នុងសម័យអង្គរ ដែលកំពុងមានភាពទ្រុឌទ្រោនទៅហើយ។នេះជាដំណាក់កាលជួសជុលលើកទីពីរ ដោយចាប់ផ្ដើមកាលពីដើមខែមេសារហូតដល់ខែសីហា ឆ្នាំ២០២២ខាងមុខ ដោយប្រើថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា។
ការជួសជុលពង្រឹងគ្រឹះស្ពានបុរាណនេះ ក្នុងគោលបំណងជួយពង្រឹងរចនាសម្ពន្ធរបស់ស្ពានឱ្យរឹងមាំឡើងវិញផង និងរក្សាឱ្យបាននូវអាយុកាលយូរអង្វែងបន្តទៅទៀតផង ពិសេសគឺជួយសម្រួលចរន្តទឹកហូរដើម្បីបញ្ចៀសចេញពីការជន់លិច ព្រមទាំងឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់មានភាពងាយស្រួល និងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅទីនេះឱ្យកាន់តែច្រើនថែមទៀតផង។
មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុលស្ពាន លោក ពុទ្ធ សុទ្ធ បានឱ្យដឹងថា នៅផ្នែកខាងត្បូងរបស់ស្ពានតាអោង គឺមានការទ្រុឌទ្រោមខ្លាំង ដូចជាថ្មរលុះធ្លាក់ពីរកន្លែង និងជញ្ជាំងស្ពានរហែកចេញមួយកន្លែង។
លោក ពុទ្ធ សុទ្ធ បានបញ្ជាក់ទៀតថា ដំណើរការជួសជុលពេលនេះ គឺក្រុមការងារបានធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ជួសជុលថ្ម ពង្រឹងសសរស្ពានដែលរលុះធ្លាក់ ព្រមទាំងជួសជុលជញ្ជាំងរហែកខាងកើតឱ្យត្រូវតាមលំនាំដើមឡើងវិញ។ ជាមួយគ្នានេះដែរក៏មានការជួសជុលពង្រឹងដៃបង្កាន់នាគដាក់ចូលទីតាំងដើមឡើងវិញ សរុបប្រវែង៧០ម៉ែត្រ។
លោក ពុទ្ធ សុទ្ធ បានបន្តទៀតថា កត្តាដែលនាំឱ្យស្ពានតាអោងរងការខូចខាត គឺដោយអាយុកាល អាកាសធាតុធម្មជាតិ និងសម្ពាធនៃទម្ងន់ដែលបង្កឡើងពីមនុស្សជាដើម។ បច្ចុប្បន្នស្ពានបុរាណតាអោង ដែលស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប មានសភាពចាស់ទ្រុឌទ្រោមខ្លាំងជាច្រើនផ្នែកដូចជា ប្រេះញែកចេញពីគ្នា ហើយផ្នែកកណ្តាលនៃតួស្ពានសងខាង គឺថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតក៏កំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។
ស្ពានបុរាណតោអោងសាងសង់ឡើងអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល៩ធ្វើអំពីថ្មភក់ និងមានព្រះពុទ្ធសមាធិនៅចំកណ្តាលក្បាលនាគ។ ស្ពាននេះសាងឡើងនាសម័យអង្គរក្នុងរចនាបថបាយ័ន្ត ដោយយោងទៅលើបង្កាន់ដៃនាគ។
កាលពីឆ្នាំ២០២០ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាធ្លាប់បានជួសជុលស្ពានតាអោងនេះម្តងមកហើយនៅដំណាក់កាលទីមួយ ដោយកាលណោះការជួសជុលបានធ្វើនៅផ្នែកខាងជើង ដូចជា បង្កាន់ដៃនាគ ពង្រឹងជញ្ជាំងសសរចំនួន១១ និងការកាយដីកកស្ទះ ដើម្បីសម្រួលដល់ផ្លូវទឹកហូរឆ្លងកាត់៕