(អេស្ប៉ាញ)៖ ដោយសម្លឹងឃើញពីកង្វះខាតបន្ទះឈីបជាសកល ក៏ដូចជាចង់ប្រជ្រៀតខ្លួនចូលទៅកាន់ទីផ្សារបន្ទះឈីបទៀតនោះ ប្រទេសអេស្ប៉ាញគ្រោងនឹងបោះទុនទឹកប្រាក់ចំនួន ១១ពាន់លានអឺរ៉ូ ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផលិតមីក្រូឈីប និងធាតុផ្សំសំខាន់ៗនៅក្នុងពិភពឌីជីថល។ ហើយក្នុងនោះអេស្ប៉ាញក៏ចង់នាំមុខគេក្នុងទ្វីបអឺរ៉ុបដែរ ទាក់ទងនឹងការអភិវឌ្ឍន៍មីក្រូឈីប និងផលិតផលពាក់កណ្តាលសម្រេចរបស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២។

ទន្ទឹមនឹងនេះនាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez មានប្រសាសន៍ថា ផែនការចំណាយថ្មីដែលត្រូវបានផ្តល់ហិរញ្ញាប្បទានជាចម្បងតាមរយៈមូលនិធិរបស់សហភាពអឺរ៉ុបនេះ នឹងត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់នៅពេលឆាប់ៗនេះ។

ដោយមើលឃើញថា មីក្រូឈីប និងផលិតផលពាក់កណ្តាលសម្រេចមាននៅគ្រប់ទីកន្លែង និងត្រូវការជាខ្លាំងសម្រាប់បច្ចេកវិទ្យាទំនើបៗនោះ បានជានាំឱ្យអេស្ប៉ាញសម្រេចចិត្តក្នុងបោះទុនក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះ។ ដោយឡែកនាពេលបច្ចុប្បន្នតម្រូវការផលិតផលឌីជីថលពិតជាសំខាន់មែនទែនសម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃដូចជា ស្មាតហ្វូន កាមេរ៉ាឌីជីថល ទូរទស្សន៍ ម៉ាស៊ីនបោកគក់ រថយន្ត ទូរទឹកកក ឧបករណ៍វេជ្ជសាស្ត្រ និងអំពូល LED សុទ្ធតែប្រើបន្ទះឈីបតូចៗទាំងនេះរួមបញ្ចូលគ្នា។

គួរជម្រាបដែរ ដោយសារតែកង្វះខាតបន្ទះឈីបទូទាំងសកលលោក ក៏ដូចជាតម្រូវការកើនឡើងកាន់តែខ្លាំង និងផលប៉ះពាល់ពីជំងឺរាតត្បាតផងដែរនោះ បានបណ្តាលឱ្យក្រុមហ៊ុនជាច្រើនបង្ខំចិត្តកាត់បន្ថយការផលិត។ ជាក់ស្តែងដូចជាក្រុមហ៊ុនផលិតរថយន្តជាដើម ត្រូវបានបង្ខំឱ្យកាត់បន្ថយទិន្នផលផលិតរបស់ខ្លួន៕