(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Advanced Micro Devices ហៅកាត់ AMD នៅថ្ងៃចន្ទ សប្តាហ៍នេះ បានប្រកាសថា ខ្លួននឹងទិញយកក្រុមហ៊ុនម្រើសេវាកម្ម Cloud ដែលមានឈ្មោះថា Pensando ក្នុងតម្លៃ ១.៩ពាន់លានដុល្លារអាមេរិក។ ការទិញនេះត្រូវគេមើលឃើញថា AMD មានគោលដៅពង្រឹងការប្រកួតប្រជែងជាមួយក្រុមហ៊ុនអាមេរិកផ្សេងទៀតគឺ Intel និង Nvidia ក្នុងទីផ្សារបន្ទះឈីបសម្រាប់ Data Center របស់ខ្លួន។

នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃ ទី០៥ ខែមេសា ឆ្នាំ២០២២។

AMD បានបង្ហាញថាស្ថិតក្នុងតម្លៃទិញយកនៃកិច្ចព្រមព្រៀងខាងលើនេះមិនរួមបញ្ចូលទាំងថ្លៃឈ្នួលបុគ្គលិក និងការចំណាយផ្សេងៗនោះទេ។

តាមប្រភពបានឱ្យដឹងថាក្រុមហ៊ុន Pensando ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៧ ដោយក្រុមវិស្វករនៃអតីតបុគ្គលិកក្រុមហ៊ុន Cisco Systems Inc ចំនួន ៤នាក់។ ហើយចំពោះអតិថិជនគោលដៅរបស់ក្រុមហ៊ុននេះរួមមានក្រុមហ៊ុនធំៗពីរគឺ Goldman Sachs និងអង្គភាព Cloud របស់ Microsoft Corp ផងដែរ។

គួរជម្រាបដែរថា ចំពោះកិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យ AMD បន្ថែមវេទិការទាំងស្រុងរបស់ Pensando ទៅកាន់ដំណើរការ Data Center របស់ពួកគេ។ ខណៈដែរ នាយកប្រតិបត្តិ (CEO) របស់ Pensando លោក Prem Jain និងក្រុមហ៊ុនទាំងមូលនឹងចូលរួមជាមួយក្រុមហ៊ុន AMD's Data Center Solutions Group ផងដែរ៕