(ម៉ូនិច)៖ ខ្សែការពារក្លិបបាល់ទាត់ខ្លារខិន Bayern Munich កីឡាករ Alphonso Davies អាចចាប់ផ្តើមប្រកួតឡើងវិញ ក្នុងជំនួបទល់នឹងក្រុម Villarreal សម្រាប់ជើងទី១ វគ្គ ៨ក្រុមចុងក្រោយ ពានអឺរ៉ុប UEFA Champions League នារាត្រីនេះ បន្ទាប់ពីជាសះស្បើយពីបញ្ហាបេះដូង ដែលធ្វើឲ្យរូបលោកអវត្តមានពីការប្រកួតអស់រយៈពេលជាង ៣ខែ។ នេះបើសម្តីគ្រូបង្វឹក លោក Julian Nagelsmann ហើយត្រូវបានសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។

កីឡាករសញ្ជាតិកាណាដារូបនេះ បានអវត្តមានពីការប្រកួតចាប់តាំងពីដើមខែមករា បន្ទាប់ពីត្រូវបានគ្រូពេទ្យរកឃើញថា មានបញ្ហាបេះដូងកម្រិតស្រាល បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩។ ការប្រកួតចុងក្រោយរបស់លោក គឺកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែនឹងចាប់ផ្តើមប្រកួតឡើងវិញនារាត្រីនេះ។

«ការធ្វើតេស្តចុងក្រោយរបស់លោក គឺទទួលបានលទ្ធផលល្អ។ ដូច្នេះគាត់នឹងធ្វើដំណើរទៅជាមួយពួកយើង ហើយគាត់អាចនឹងចាប់ផ្តើមនៅថ្ងៃស្អែក ប៉ុន្តែយើងត្រូវតែចាំមើលនៅថ្ងៃនេះ និងថ្ងៃស្អែក។ ប៉ុន្តែគាត់នឹងអាចធ្វើបាន» នេះបើតាមសម្តីលោក Nagelsmann បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយតាមប្រព័ន្ធ Online។

សូមជម្រាបថា ការប្រកួតជើងទី២ រវាងក្រុមអាល្លឺម៉ង់ Bayern Munich និង Villarreal របស់អេស្ប៉ាញ នឹងធ្វើឡើងនៅទីក្រុង Munich នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២៕