(ឡុងដ៍)៖ មន្ត្រីរបស់ទីលានកីឡា All England Lawn Tennis Club ដែលជាអ្នករៀបចំព្រឹត្តិការណ៍ប្រកួតតេន្នីស Wimbledon បាននឹងកំពុងជជែក ជាមួយនឹងរដ្ឋាភិបាលអង់គ្លេស ស្តីពីការចូលរួមរបស់កីឡាករមកពីប្រទេសរុស្ស៊ី និងបេឡារុស ក្នុងព្រឹត្តិការណ៍នាឆ្នាំនេះ ដោយលើកឡើងនាថ្ងៃអង្គារថា ខ្លួនរំពឹងថានឹងប្រកាសពីការសម្រេចចិត្តនេះ នៅពាក់កណ្តាលខែឧសភាខាងមុខ។នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។

កីឡាកររុស្ស៊ី និងបេឡារុស ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ATP និង WTA Tours ប៉ុន្តែមិនស្ថិតក្រោមឈ្មោះ និងទង់ជាតិ នៃប្រទេសរបស់ពួកគេនោះទេ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

បេឡារុស គឺជាទីតាំងសំខាន់សម្រាប់ការឈ្លានពាន ដែលរុស្ស៊ីបានហៅថា «ជាប្រតិបត្តិការយោធាពិសេស»។

សូមជម្រាបថា ព្រឹត្តិការណ៍ Wimbledon របស់អង់គ្លេសឆ្នាំនេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា៕