(កៃរ៉ូ)៖ រដ្ឋមន្ត្រីក្រសួងកីឡាអេហ្ស៊ីប លោក Ashraf Sobhi បានប្រាប់ឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Mohamed Salah មានបំណងចុះកិច្ចសន្យាថ្មីមួយទៀត នៅឯក្លិប Liverpool។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។

លោក Sobhi បានលើកឡើងថា លោកបានណែនាំកីឡាករ Salah វ័យ ២៩ឆ្នាំឲ្យចាកចេញពីកីឡដ្ឋាន Anfield ប៉ុន្តែកីឡាករខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះ បានលើកឡើងវិញថា លោកចង់បន្តកិច្ចសន្យាដែលនឹងបន្តលេងនៅ Liverpool រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ទៀត។

«ខ្ញុំធ្លាប់បានណែនាំដល់គាត់ឲ្យបន្តអាជីពរបស់លោកនៅក្លិបផ្សេងទៀត ជាជាងលេងនៅ Liverpool ប៉ុន្តែគោលដៅរបស់គាត់នាពេលនេះ គឺចង់ចុះកិច្ចសន្យាថ្មីរបស់លោក» នេះបើតាមសម្តីលោក Sobhi។

អ្នកចាត់ការក្លិប Liverpool លោក Jurgen Klopp បានលើកឡើងថា លោកពិតជារីករាយជាមួយនឹងការចុះកិច្ចសន្យាថ្មីនេះដែរ។

Salah បានលើកឡើងកាលពីខែមករាថា លោកចង់បន្តលេងនៅ Liverpool ប៉ុន្តែថាអនាគតរបស់លោក គឺជាការសម្រេចរបស់ក្លិប។

Salah បានស៊ុត ១៥៣គ្រាប់ក្នុងការបង្ហាញខ្លួន ២៤០ប្រកួតសម្រាប់ក្លិបហង្សក្រហម Liverpool ចាប់តាំងពីចូលរួម ក្រោយផ្លាស់មកពីក្លិប Roma របស់អ៉ីតាលី ក្នុងតម្លៃខ្លួន ៣៤លានផោនកាលពីឆ្នាំ២០១៧។ លោកបានចុះកិច្ចសន្យាបន្តលេង ១ឆ្នាំក្រោយ បន្ទាប់ពីរកគ្រាប់បាល់បាន ៤៤គ្រាប់ ក្នុងការបង្ហាញខ្លួននៅរដូវកាលដំបូង។

Liverpool បានឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ២០១៩ និង Premier League ក្នុងឆ្នាំ២០២០ ដោយមានវត្តមាន Salah ជួយយ៉ាងសំខាន់ផងដែរ៕