(មេនឆេស្ទើ)៖ Manchester City បានយកឈ្នះ Atletico Madrid មកពីអេស្ប៉ាញក្នុងលទ្ធផល ១-០ ទាំងត្រដាបត្រដួសនារាត្រីឆ្លងចូលថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) ស្របពេលខ្សែបម្រើ Kevin de Bruyne ដែលរកបានគ្រាប់ជ័យជម្នះនោះ បានចូលលេងលើកទី៥០ ជាមួយមេឃខៀវក្នុងប្រកួតពានអឺរ៉ុប UEFA Champions League។

Phil Foden ដែលបានប្តូរចូលលេងក្នុងវគ្គទី២ នោះបានបញ្ជូនបាល់ឲ្យ De Bruyne បំប៉ោងសំណាញ់ទីបានសម្រេច នៅខ្វះ ២០នាទីដល់ម៉ោងចប់ការប្រកួតនៅទឹកដី Etihad នៃជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ មុនពេលធ្វើដំណើរទៅប្រកួតជើងទី២ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ នៅប្រទេសអេស្ប៉ាញវិញម្តង។

ចំណែកឯកខាងគូប្រជែងដែលជាជើងឯកមកពី La Liga វិញ មានឱកាសស៊ុតចំគោលដៅតែ ២ជើងប៉ុណ្ណោះ ក្នុងចំណោមស្ថិតិគ្រប់គ្រងបាល់តែ ៣៣ភាគរយ នៅពេលដែលអ្នកចាត់ការទូទៅ Atletico Madrid លោក Diego Simeone បានប្រើទម្រង់បិទ ៣-៥-២ មានឱកាសលេងបាល់តិចតួចពីសំណាក់ខ្សែប្រយុទ្ធ Joao Felix និង Antoine Griezmann ជាដើម៕