(ម៉ូស្គូ)៖ សហព័ន្ធបាល់ទាត់រុស្ស៊ី FUR បានសម្រេចដកពាក្យបណ្តឹងជំទាស់ FIFA ដែលបានបញ្ឈរជើងពួកគេ ពីការលេងពានពិភពលោក World Cup នៅប្រទេសកាតានាចុងឆ្នាំនេះ។

តុលាការកីឡា CAS បានឲ្យដឹងថា FUR បានព្រមដកពាក្យបណ្តឹងប្រឆាំងនឹង FIFA វិញហើយ ដ្បិតពួកគេត្រូវបានដក បញ្ឈរជើងជាបណ្តោះអាសន្នដែលត្រូវប្រកួតជម្រុះ World Cup 2022 ទល់នឹងជម្រើសជាតិប៉ូឡូញ ក្នុងដំណើរស្វែងរកកៅអីទៅលេងនៅកាតា។

តែយ៉ាងណា ប្រទេសដែលបានលើកកងទ័ពចូលលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតែមានសិទ្ធិក្នុងការប្តឹងជំទាស់សម្រាប់ប្រភេទកីឡាផ្សេងៗទៀតទៅ CAS បានដូចគ្នា រួមទាំងបម្រាមពី UEFA និងការប្រកួតនានាផងដែរនៅទូទាំងទ្វីបអឺរ៉ុបទៀតផង។

ថ្មីៗនេះដែរ រុស្ស៊ីក៏បានកំពុងរៀបចំឯកសារប្តឹងទៅ CAS ទៀតចំពោះការព្យួរជើងរបស់ពួកគេពីការប្រកួតលក្ខណៈអន្តរជាតិនានាសម្រាប់ប្រភេទកីឡាកាយសម្ព័ន្ធ កីឡាទូកកានូ និងកីឡាជិះស្គីលើទឹកកកទៀតដែរ៕