(បរទេស)៖ Apple គ្រោងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួនដែលគេស្គាល់ថា WWDC ដែលជារៀងរាល់ឆ្នាំព្រឹត្តិការណ៍នេះតែងតែឃើញមាននៅកំឡុងពេលពាក់កណ្តាលឆ្នាំ ហើយភាគច្រើនប្រកាសចេញទាក់ទងជាមួយនឹងផ្នែក Software ថ្មីៗជំនាន់ចុងក្រោយរបស់គេផងដែរ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។

យ៉ាងណាមិញមិនខុសពីរាល់ឆ្នាំនោះទេដោយ Apple ទើបតែប្រកាសបង្ហាញជាសាធារណៈថា ព្រឹត្តិការណ៍ WWDC 2022 របស់ពួកគេនឹងចាប់ផ្តើមបើកដំណើរការចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី១០ ខែមិថុនា ខាងមុខនេះ ដែលមានរយៈពេលរហូតដល់ទៅ ៤ថ្ងៃ។ ដូចគ្នាទៅនឹងព្រឹត្តិ្កការណ៍កាលពីឆ្នាំមុនដែរ នឹងធ្វើឡើងជាទម្រង់ Digital ដដែលដោយមិនអនុញ្ញាតឱ្យមានវត្តមានមនុស្សចូលរួមនោះទេ គឺត្រូវចូលរួមតាមរយៈអនឡាញ។

ខណៈដែរ Software ថ្មីៗដែល Apple គ្រោងនឹងប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ WWDC 2022 នោះរួមមាន iOS 16, iPadOS 16, macOS 13, tvOS 16, និង watchOS 9។

លើសពីនេះទៅទៀត Apple នឹងរៀបចំថ្ងៃពិសេសមួយសម្រាប់សិស្សានុសិស្សដែលមានបំណងក្នុងការចូលរួម ដែលនឹងធ្វើឡើងក្នុងបរិវេន Apple Park នៅថ្ងៃទី០៦ ខែមិថុនា។ ហើយវាក៏មានជា Swift Challenge ផងដែរដើម្បីមានឱកាសក្នុងការចូលរួម សិស្សានុសិស្សអាចបង្កើតជាកម្មវិធី Swift Playgrounds ណាមួយក៏បានដែលពេញចិត្ត រួចដាក់ស្នើរវាទៅកាន់ Apple ត្រឹមថ្ងៃទី២៥ ខែមេសា៕