(បរទេស)៖ ប្រទេសកាណាដានៅដើមសប្ដាហ៍នេះបានចាប់ផ្ដើមបង្ហាញពីច្បាប់ថ្មី និងបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Facebook និង Google ធ្វើការចរចាក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបង់ប្រាក់ដល់ ស្ថាប័នផលិតព័ត៌មានក្នុងស្រុក សម្រាប់ ថ្លៃ នៃការប្រើប្រាស់អត្ថបទព័ត៌មានរបស់ពួកគេ ដែលច្បាប់ថ្មីនេះវាស្រដៀងគ្នាទៅនឹង ប្រទេសអូស្ត្រាលីផងដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រី បេតិកភណ្ឌ កាណាដា លោក Pablo Rodriguez បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដោយបានណែនាំ ច្បាប់ ដែល ដាក់ ចេញ ដោយ រដ្ឋាភិបាល សេរីនិយម របស់ លោកនាយករដ្ឋមន្ត្រី Justin Trudeau ថា ៖ «វិស័យ ព័ត៌មាន ក្នុង ប្រទេស កាណាដា កំពុង មាន វិបត្តិ»

ច្បាប់ថ្មីនេះមានឈ្មោះថា «ច្បាប់ស្តីពីព័ត៌មានអនឡាញ ឬ Online News Act» ដែលវានឹងតម្រូវឱ្យមានក្រុមហ៊ុនបរទេសដែល ទាញយកផលប្រយោជន៍ពីវិស័យព័ត៌មានជាលក្ខណ:សកល ត្រូវមានកិច្ចព្រមព្រៀងបង់ប្រាក់ទៅឱ្យក្រុមហ៊ុនក្នុងស្រុក ហើយ កិច្ចព្រមព្រៀងនោះនឹងត្រូវធ្វើឡើងដោយយុត្តិធម៌ និងមានការត្រួតពិនិត្យពីសំណាក់និយតករ។

លោក Rodriguez បានបញ្ជាក់ថា គោលបំណងនៃការបង្កើតច្បាប់ថ្មីនេះគឺដើម្បីជួយដល់ស្ថាប័នព័ត៌មានក្នុងស្រុកឱ្យដំណើរការ បានទៅមុខបន្តទៀត ខណ:ដែលកាលពីឆ្នាំ ២០០៨ បានស្ថាប័នព័ត៌មានប្រមាណ ៤៥០ត្រូវបានបិទ និងកាលពីពីរឆ្នាំមុន មាន ៦៤ស្ថាប័នត្រូវបានបិទ។

មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តទៀតថា Alphabet និង Meta ដែលជាមេធំរបស់ Google និង Facebook គឺបាន ប្រើប្រាស់ មាតិកាព័ត៌មានរបស់ស្ថាប័នក្នុងស្រុកដូច្នេះពួកគេគួរតែមានការចែករំលែកនូវប្រាក់ចំណូល ដើម្បីចូលរួមជួយគ្នាក្នុងការ ធ្វើឱ្យវិស័យមួយនេះដំណើរការបានរលូន និងដោយតម្លាភាព៕