(កូរ៉េ)៖ ខណៈអ្នកគាំទ្រទូទាំងពិភពលោក កំពុងរង់ចាំទស្សនាវគ្គបន្ត នៃរឿង «Squid Game» នៅពេលនេះ ស្រាប់តែអ្នកដឹកនាំរឿងនេះ គឺលោក Hwang Dong-hyuk ចេញមកបង្ហើបថា លោកមិនទាន់សរសេរស្គ្រីបសម្រាប់រដូវកាលទី២ រួចរាល់ទេ ហើយវាទំនងជាបញ្ចេញនៅចុងឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times។

តាមរយៈចូលរួមក្នុងមហោស្រពទីក្រុងកាន ប្រទេសបារាំង អ្នកដឹកនាំរឿង «Squid Game» លោក Hwang Dong-hyuk បានថ្លែងប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា «ខ្ញុំត្រូវធ្វើការនៅរដូវកាលទីពីរ។ សង្ឃឹមថាខ្ញុំអាចបង្ហាញវា ដល់អ្នកគាំទ្រនៅចុងឆ្នាំ២០២៤»

បន្ទាប់ពីជោគជ័យវគ្គដំបូង ស្ទើរនឹកស្មានមិនដល់ វគ្គ២ក៏ត្រូវបានគេរំពឹងថា នឹងទទួលបានការគាំទ្រខ្លាំងផងដែរ។ អ្នកដឹកនាំរឿង «Squid Game» គឺលោក Hwang Dong Hyuk បានបង្ហើបឲ្យដឹងថា លោកបានសរសេរអត្ថបទភាពយន្ត (Script) នេះចប់តាំងពី១០ឆ្នាំមុនមកម្ល៉េះ (២០០៩) ប៉ុន្តែរឿងនេះ ត្រូវបានវិនិយោគគិន និងតារាសម្តែងបដិសេធមិនចូលរួម ដោយសារតែសាច់រឿង «ចម្លែកខុសគេ»។ ទីបំផុត រឿងនេះក៏ត្រូវបានចេញជាផ្លូវការ ក្រោយក្រុមហ៊ុន Netflix សម្រេចបោះទុនជាមួយ រហូតផ្ទុះការគាំទ្រខ្លាំងតែម្តង។ ក្រុមហ៊ុន Netflix បាននិយាយកាលពីខែតុលាកន្លងទៅថា អតិថិជនចំនួន ១៤២លាននាក់បានចូលទស្សនារឿងនេះ ដែលជាចំនួនពីរភាគបីនៃអ្នកប្រើប្រាស់របស់ខ្លួន និងជាកំណត់ត្រាថ្មីផងដែរ។

គួរជម្រាបថា «Squid Game» ជាភាពយន្តបែបរន្ធត់មួយ ដែលនិយាយពីមនុស្សចំនួន ៤៥៦នាក់ ចូលរួមលេងហ្គេមដ៏រន្ធត់ និងអាថ៌កំបាំង ដែលចុងក្រោយមនុស្សទាំងនោះ ត្រូវបានបាត់បង់ជីវិតទាំងអស់ ដោយសារចាញ់ហ្គេម និងនៅរស់តែម្នាក់គត់ គឺអ្នកឈ្នះ ខណៈអ្នកឈ្នះ គឺតួអង្គ Seong Gi Hun ដែលមានឈ្មោះពិតថា Lee Jung Jae។ រឿងនេះ ចំណេញប្រាក់បានរាប់លានដុល្លារពីការចាក់បញ្ចាំងលើ Netflix និងបានក្លាយជារឿងភាគកូរ៉េទី១ ដែលស្ថិតនៅលើកំពូលតារារបស់ Netflix ក្នុងសហរដ្ឋអាមេរិក ដោយចូលក្នុង Top 10 ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ៕