(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ស្ថិតក្នុងពូល B ជាមួយថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ ខាងមុខ ខណៈពូល B មានក្រុមម្ចាស់ផ្ទះវៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។ នេះបើយោងតាមលទ្ធផលចាប់ឆ្នោតនៅព្រឹកថ្ងៃទី០៦ ខែមេសានេះ។

សម្រាប់វិញ្ញាសាបាល់ទាត់នៃព្រឹត្តិការណ៍ប្រចាំតំបន់នេះ នឹងចាប់ផ្ដើមការប្រកួតមុនគេ ពីថ្ងៃទី០៦ ដល់ថ្ងៃទី២២ ខែឧសភា ប៉ុន្ដែក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រកួតដំបូងរបស់ខ្លួន ក្នុងពូល B ដោយត្រូវជួបក្រុមជម្រើសជាតិ U23 ឡាវ នាថ្ងៃទី០៩ ខែឧសភា បន្ទាប់ពីឡាវ ជួបក្រុម U23 សិង្ហបុរី នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។

ដោយឡែកវិញ្ញាសាបាល់ទាត់នារីវិញ ក៏បានចាប់ឆ្នោតបែងចែកពូលរួចរាល់ដែរ ដោយក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី។ រីឯពូល B មាន ៤ក្រុមដូចគ្នា គឺមានក្រុមថៃ មីយ៉ាន់ម៉ា ឡាវ និងសិង្ហបុរី៕