(ភ្នំពេញ)៖ នៅទីផុតភាពយន្តខ្មែរ ដែលផលិតដោយអ្នកជំនាញកម្រិតបរទេស រហូតឈ្នះពានពីបរទេស និងប្រើពេលផលិត អស់រយៈពេលជាង៦ឆ្នាំ គឺរឿង «ប៊ូឌីញស» បានបង្ហាញខ្លួននៅក្នុងរោងកុនជាផ្លូវការហើយ ដោយបានបើក សម្ពោធដាក់បញ្ចាំង កាលពីល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ នៅរោងកុនក្នុងផ្សារទំនើប Midtown។ ការសម្រេចដាក់បញ្ចាំងលក់សំបុត្រនេះ គឺបន្ទាប់ពីរឿងនេះ បានដំណើរដាក់ផ្សាយ នៅតាមបណ្ដាប្រទេសជាច្រើន និងបានចូលរួមមហោស្រពភាពយន្ត នៅក្រៅប្រទេសរហូតដល់ជាង២០លើក និងបានឈ្នះពានរង្វាន់ចំនួន២ ទៀតផង។

អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងលោក នាង កាវិច បានថ្លែងប្រាប់ Fresh News Plus ក្នុងថ្ងៃបើកសម្ពោធឲ្យដឹងថា រឿង «ប៊ូឌិញស» នេះ គឺជារឿងដែលស្ដែង ពីជីវិតរបស់គ្រួសារលោក និងគ្រួសារជាច្រើនទៀត ដែលធ្លាប់រស់នៅ ក្នុងអាគារប៊ូឌីញ មុនត្រូវបានវាយកំទេចចោល ហើយសាច់រឿងចម្បង នៅក្នុងរឿងនេះ គឺស្ដែងពីប្រវត្តិពិតប្រាកដរបស់លោក និងគ្រួសារដែលធ្លាប់រស់នៅអាគារប៊ូឌីញ។ លោករំភើបចិត្ត ដែលប្រែក្លាយពីក្មេងរស់នៅក្នុងអាគារចំណាស់ប៊ូឌីង ហើយអាចក្លាយជាអ្នកផលិតភាពយន្តខ្នាតធំ ហើយជាភាពយន្ត ដែលរៀបរាប់ពីប្រវត្តិរបស់ខ្លួន។ យ៉ាងណាមិញ សាច់រឿងទាំងមូល ក៏មានការប្រឌិតខ្លះៗផងដែរ ដើម្បីឲ្យមានឈុតឆាកប្រទាក់ក្រឡាគ្នា។

លោកបន្តថា ភាពយន្តនេះបានផលិតរួចរាល់ តាំងពីមុនកូវីតផ្ទុះខ្លាំង ហើយដោយសារតែបញ្ហារោងកុន នៅមិនទាន់បើកទូលំទូលាយ ទើបលោកបានយកភាពយន្តនេះ ទៅបង្ហាញនៅក្នុងមហោស្រពភាពយន្ត ដោយមុនដាក់បញ្ចាំងនៅកម្ពុជា គឺបានចូលរួមមហោស្រពអន្តរជាតិ ជាង២០លើកមកហើយ។ អ្វីដែលលោកសប្បាយចិត្ត គឺភាពយន្តនេះ បានទទួលពានចំនួន២ ពីមហោស្រពអន្តរជាតិ ក្នុងចំណោមជាង២០លើក ដែលបានចូលរួម។

គេសង្កេតឃើញថា ក្នុងពិធីសម្ពោធនោះ ក៏មានវត្តមានតំណាង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសផងដែរ ក្រៅពីតារាសិល្បៈ ភ្ញៀវកិត្តិយស ផលិតករខ្មែរ និង បរទេស និងអ្នកឌីហ្សាញល្បីៗ។ ភាពយន្តនេះក៏អាចចាត់ទុកថា គឺជាវីដេអូឯកសារស្ដីពីអាគារប៊ូឌីញ និងអ្នកធ្លាប់រស់នៅទីនោះ ក្រោយពេលអាគារមួយនេះ ត្រូវបាត់រូបរាងពីកណ្ដាលរាជធានីភ្នំពេញ។ ភាពយន្តនេះ ជាការផលិតដោយផលិតកម្ម Kong Chak Picture ដែលចម្រុះដោយផលិតករខ្មែរ និងបរទេស អមដោយការបំពាក់ឧបករណ៍ទំនើបៗ ទើបធ្វើឲ្យភាពយន្តនេះមានស្ដង់ដារ ដូចរឿងក្រៅប្រទេស ហើយឈានដល់ការឈ្នះពានដល់ទៅ២ លើឆាកអន្តរជាតិ។

លោក ឈួន ពិសិដ្ឋ តួអង្គឯក ដែលបានសម្ដែងតំណាងឲ្យ លោក នាង កាវិច បានបង្ហាញនូវអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលមានឱកាសបាន សម្ដែងក្នុងភាពយន្តនេះ និង ចាត់ទុកថា គឺជាមោទនភាពយ៉ាងខ្លាំង ដែលភាពយន្តដែលខ្លួនសម្ដែង ត្រូវបានដាក់ផ្សាយនៅក្នុងស្រុក នៅអំឡុងពេលចូលឆ្នាំមកដល់។ ភាពយន្តនេះ ដំណើរការលក់សំបុត្រ ចាប់ពីថ្ងៃទី៧ ខែមេសា តទៅ នៅគ្រប់រោងកុនទំនើប ហើយក៏រំពឹងផងដែរថា នឹងទទួលបានការគាំទ្រខ្លាំង ព្រោះអ្នកនៅភ្នំពេញ ហើយមិនទៅលេង ស្រុកកំណើត គឺពិតជានិយមដើរផ្សារទំនើប និងទស្សនាភាពយន្ត។

លោកក៏ទទូចឲ្យមហាជន ចូលរួមគាំទ្រស្នាដៃមួយនេះផងដែរ ដោយសារតែរឿង «ប៊ូឌិញស» ស្ដែងឡើងពីអាគារដ៏ចំណាស់មួយនៅភ្នំពេញ ដែលទើបតែត្រូវបាន គេវាយចោល ដែលពិតជាកូនខ្មែរមួយចំនួននឹងមិនបានដឹង ហើយឮតែឈ្មោះ។ លោកថាភាពយន្តនេះ គឺជាវីដេអូឯកសារដ៏សំខាន់របស់អាគារប៊ូឌិញស ហើយក៏បានបន្សល់ទុកនូវអនុស្សាវរីយ៍ច្រើនណាស់ ក្រោយពេលសម្ដែងចប់៕