(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា «ខេមឡៃហ្វ ម.ក» នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ បានចុះកិច្ចព្រមព្រៀងអាជីវកម្ម «ប៊េងកាសួរេន» (Bancassurance) ជាមួយធនាគារហត្ថា ដើម្បីចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការបង្កើនលទ្ធភាពឱ្យអតិថិជន ធនាគារ ហត្ថា និងសាធារណជនទទួលបានសេវាធានារ៉ាប់រង និងពង្រឹងកិច្ចការពារអតិថិជននៅកម្ពុជា។
«ខេមឡៃហ្វ ម.ក» ជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចដែលទទួលបានពានរង្វាន់ជ័យលាភីក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចល្អបំផុតនៅកម្ពុជា ឆ្នាំ២០២១ ពីស្ថាប័ន CFI.co ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស និង ធនាគារ ហត្ថា ម.ក ដែលជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះគឺស្របតាមយុទ្ធសាស្ត្រ Bancassurance របស់ក្រុមហ៊ុន ខេមឡៃហ្វ និង ធនាគារ ហត្ថា ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជនកម្ពុជាឱ្យយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាកម្មធានារ៉ាប់រងចំពោះ សុវត្ថិភាពហិរញ្ញវត្ថុ សុខភាព និងសុខុមាលភាព។ ភាពជាដៃគូនេះ អនុញ្ញាតឱ្យទីប្រឹក្សាធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈរបស់ក្រុមហ៊ុន ខេមឡៃហ្វ ផ្តល់ជូនការប្រឹក្សា ការណែនាំនូវដំណោះស្រាយ និងកិច្ចការពារហិរញ្ញវត្ថុប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនដល់អតិថិជន។
លោក Johnson Chai អគ្គនាយកក្រុមហ៊ុន ខេមឡៃហ្វ មានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលក្លាយជាដៃគូយុទ្ធសាស្ត្រធានារ៉ាប់រងថ្មីរបស់ ធនាគារ ហត្ថា។ យើងមានការប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍផលិតផលធានារ៉ាប់រងខ្នាតតូចបន្ថែមទៀតដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនធនាគារដែលមានចំណូលទាប និងមធ្យមក្នុងគោលបំណងដើម្បីឱ្យពួកគាត់រស់នៅប្រកបដោយសុខុមាលភាពល្អប្រសើរជាមួយនឹងសុវត្ថិភាពហិរញ្ញវត្ថុ និងភាពកក់ក្តៅក្នុងចិត្តដោយដឹងថាក្រុមហ៊ុន ខេមឡៃហ្វ តែងតែការរពារពួកគាត់គ្រប់ពេលវេលា។ ដើម្បីបំពេញតាមការសន្យារបស់យើងក្នុងការចូលរួមជំរុញឱ្យមានភាពរីកចម្រើនក្នុងវិស័យធានារ៉ាប់រង ធនាគារ ហត្ថា និងក្រុមហ៊ុន ខេមឡៃហ្វនឹងសហការគ្នាឱ្យអស់ពីលទ្ធភាពក្នុងការស្វែងយល់ឱ្យច្បាស់អំពីតម្រូវការរបស់អតិថិជនដើម្បីធ្វើការបម្រើសេវាឱ្យបានចំគោលដៅកាន់តែមានប្រសិទ្ធភាព និងបង្កើនភាពសម្បូរបែបនៃបណ្តាញចែកចាយក៏ដូចជាបង្កើនចំនួនអតិថិជនសម្រាប់ស្ថាប័នរបស់យើង”។
លោកឧកញ៉ា ហ៊ួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា មានប្រសាសន៍ថា «បន្ទាប់ពីបានបម្រើសេវាហិរញ្ញវត្ថុនៅកម្ពុជាអស់រយៈកាល ៣ទសវត្សកន្លងមក ធនាគារ ហត្ថា សម្រេចបាននូវនូវសមិទ្ធផលយ៉ាងល្អគាប់ជាច្រើនក្នុងនោះរាប់បញ្ចូលទាំងភាពងាយស្រួលការប្រើប្រាស់សេវាឌីជីថល និងការបម្រើសេវាដោយផ្ទាល់ពីបុគ្គលិករបស់យើងយ៉ាងទូលំទូលាយទូទាំងប្រទេសតាមរយៈសាខាទាំង១៧៧ ការផ្តល់ជូននូវអត្រាការប្រាក់ដែលមានប្រកួតប្រជែងខ្ពស់លើទីផ្សារ និងការផ្តល់ជូនសេវាហិរញ្ញវត្ថុដែលប្រកបដោយទំនុកចិត្តខ្ពស់»។
លោកបានបន្តថា៖ «នៅថ្ងៃនេះ យើងនឹងពាំនាំនូវការផ្តល់ជូនថ្មីបន្ថែមទៀតសម្រាប់អតិថិជនរបស់យើងក្នុងការទទួលបាននូវជម្រើសកាន់តែប្រសើរ និងកក់ក្តៅក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមរយៈ ធនាគារ ហត្ថា និងខេមឡៃហ្វ។ លោកបានបន្ថែមថា ការប្រើប្រាស់សេវាធានារ៉ាប់រងគឺត្រូវបានលើកទឹកចិត្តយ៉ាងទូលំទូលាយពីសំណាក់អ្នកជំនាញក្នុងការទទួលបាននូវការការពារ និងធានាបាននូវភាពជោគជ័យប្រកបដោយស្ថិរភាពគ្រប់កាលៈទេសៈយ៉ាងល្អប្រសើរទាំងនៅក្នុងអាជីវកម្ម និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រប់ក្រុមគ្រួសារ»។
ដើម្បីអបអរសាទរភាពជាដៃគូអាជីវកម្មនេះ សម្រាប់អតិថិជនរបស់ ធនាគារ ហត្ថា ទាំងអស់ដែលបានប្រើប្រាស់សេវាធានារ៉ាប់រងរបស់ក្រុមហ៊ុន ខេមឡៃហ្វ ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នឹងទទួលបានការបញ្ចុះតម្លៃពិសេស ១២% ភ្លាមៗ។
សម្រាប់ព័ត៌មានបន្ថែម និងទទួលយកការផ្តល់ជូនពិសេសនេះទាំងអស់គ្នា! សូមទំនាក់ទំនងក្រុមការងារ តាមលេខទូរស័ព្ទ៖ ០៦១ ៤៣ ១១ ១១៕