(បរទេស)៖ ថ្មីៗនេះកំពូលមហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Twitter ចំនួន ៩,២ភាគរយ ដែលមានតម្លៃប្រមាណជិត ៣ពាន់លានដុល្លារអាមេរិក។ ស្របពេលជាមួយគ្នានេះ Twitter ក៏បានប្រកាសជាផ្លូវការថា លោក Elon Musk នឹងទទួលបានកៅអីមួយក្នុងដំណែងជាក្រុមប្រឹក្សាភិបាល ដែលកាន់កាប់ភាគហ៊ុនក្នុងចំនួនដ៏ច្រើនបំផុតរបស់ខ្លួន។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។
យ៉ាងណាមិញនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Twitter លោក Parag Agrawal បានសម្តែងសេចក្តីរីករាយនៅលើ Twitter ថា «ខ្ញុំពិតជារំភើបណាស់ដែលបានរួមការងារជាមួយលោក Musk ហើយយើងក៏កំពុងតែតែងតាំងលោក Musk ឱ្យធ្វើជាក្រុមប្រឹក្សាភិបាលរបស់យើងផងដែរ»។
ក៏ប៉ុន្តែសម្រាប់តំណែងនេះមិនមានរយៈពេលយូរនោះទេ លោក Elon Musk នឹងបន្តរហូតដល់ត្រឹមកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ២០២៤ មកដល់ប៉ុណ្ណោះ ដោយស្ថិតនៅក្នុងតំណែងនេះមិនថាតែម្ចាស់ភាគហ៊ុន ឬ ក្រុមប្រឹក្សាភិបាលនោះទេ គឺមិនអាចទិញយកភាគហ៊ុនរហូតដល់ចំនួន ១៤.៩ភាគរយបាននោះទេ៕