(កូរ៉េ)៖ ផលិតកម្ម Big Hit Music ដែលជាជម្រករបស់ក្រុមចម្រៀងល្បី BTS បានចេញមុខបំភ្លឺភ្លាមៗ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា តារាក្នុងផលិតកម្ម របស់ខ្លួន នឹងឡើងសម្តែងក្នុងថ្ងៃចូលកាន់តំណែង របស់លោក Yoon Seok Yeol ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន All Kpop នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។
Big Hit Music បានអះអាងយ៉ាងដូច្នេះថា «ក្រុមការងារបានដឹង ពាក្យ ចចាមអារ៉ាមទាំងនេះ តាមរយៈសេចក្តីរាយការណ៍ព័ត៌មានមួយ តែយ៉ាងណា BTS មិនទាន់បានទទួលការអញ្ជើញណាមួយនោះទេ»។
បើគេនៅចាំមិនភ្លេច មូលហេតុដែលនាំឲ្យមានពាក្យចចាមអារ៉ាមនេះ គឺបានកើតឡើង ក្រោយពេលដែលលោក Park Joo Sun ដែលជាអតីតសមាជិកសភា និងជាអ្នករៀបចំពិធីចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោត ត្រូវបានកម្មវិធីវិទ្យុមួយចោទសួរថា «តើ BTS នឹងសម្តែងក្នុងពិធីដែរឬទេ? ជាការឆ្លើយតប លោក Park Joo Sun បានឆ្លើយថា «យើងកំពុងពិភាក្សារឿងនេះ»។
គួរជម្រាបថា ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់កូរ៉េខាងត្បូង លោក Yoon Seok Yeol នឹងត្រូវចូលកាន់តំណែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ៕