(ភ្នំពេញ)៖ ធនាគារ វីង ( ខេមបូឌា) ម.ក និង គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផ្តល់សេវាទូទាត់ងាយស្រួល ឆាប់រហ័ស ព្រមទាំងមានសុវត្ថិភាព ដល់អ្នកស្វែងរកសេវាសាធារណៈនៅការិយាល័យច្រកចេញចូលតែមួយនៅទូទាំងប្រទេស។
កិច្ច ព្រមព្រៀងនេះត្រូវបានចុះ ហត្ថលេខា ដោយ លោក ហាន ប៉េងក្វាង អគ្គនាយក នៃ ធនាគារ វីង និងលោក ប៉េះ គឹមស៊្រាន នាយកប្រតិបត្តិនៃគ្រឹះស្ថាន ឃេស អ៊ិននើវេសិន មានគោលបំណងដាក់បញ្ចូល សេវាទូទាត់ឌីជីថលទំនើបនៃធនាគារ វីង ទៅក្នុងថ្នាលទូទាត់របស់ ឃេស អ៊ិននើវេសិន ដើម្បីផ្តល់ជម្រើសទូទាត់កាន់តែច្រើន នៅតាមការិយាល័យ ច្រកចេញចូលតែមួយ និងជំរុញការទូទាត់តាមប្រព័ន្ធឌីជីថលនៅប្រទេសកម្ពុជា។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានឲ្យដឹងថា «ប្រព័ន្ធទូទាត់ឌីជីថលរបស់ធនាគារ វីង ត្រូវបានគេស្គាល់យ៉ាងច្រើន និងត្រូវបានប្រជាជនកម្ពុជាគ្រប់រូបប្រើប្រាស់យ៉ាងទូលំទូលាយ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលកិច្ចសហការនៅថ្ងៃនេះជាមួយ ឃេស អនុញ្ញាតឲ្យផ្ដល់សេវាកម្ម ដើម្បីគាំទ្រការិយាល័យច្រកចេញចូលតែមួយនៅទូទាំងប្រទេស ដោយផ្តល់នូវជម្រើសទូទាត់ដ៏ងាយស្រួលនៅពេលប្រើប្រាស់ សេវាសាធារណៈនៅក្នុងសហគមន៍»។
ដោយសារភាពជាដៃគូយុទ្ធសាស្ត្រនេះ ឃេស នឹងក្លាយជាដៃគូទូទាត់អាជីវកម្ម ប្រកបដោយភាពច្នៃប្រឌិតដ៏សំខាន់មួយទៀតរបស់ធនាគារ វីង ដែលអាចពង្រីកសេវាកម្មទូទាត់របស់ធនាគារ វីង ដល់ដៃគូជាច្រើនរបស់ខ្លួនដូចជាការិយាល័យច្រកចេញចូលតែមួយជាដើម។
លោក ប៉េះ គឹមស៊្រាន នាយកប្រតិបត្តិនៃគ្រឹះស្ថាន ឃេស អ៊ិននើវេសិន បានឲ្យដឹងថា «ភាពជាដៃគូរវាងធនាគារ វីង និង ឃេស នឹងជួយពន្លឿនប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា និងជួយនាំប្រទេសកម្ពុជាមួយជំហានបន្ថែមទៀត ទៅកាន់សេដ្ឋកិច្ចឌីជីថល ដែលស្របតាមរាជរដ្ឋាភិបាល។ ខ្ញុំមានមោទនភាពចំពោះអ្វីដែល ឃេស និង ធនាគារ វីង មាន ហើយអ្វីដែលសម្រេចរួមគ្នា ដើម្បីជាប្រយោជន៍ដល់ប្រជាជន»។
ប្រជាជន និងក្រុមហ៊ុនអាជីវកម្មផ្សេងៗ ដែលស្នើសុំសេវាសាធារណៈអាចធ្វើការទូទាត់ ដោយប្រើ WingPay QR នៅបញ្ជរនៃការិយាល័យច្រកចេញចូលតែមួយ។ ពួកគេក៏អាចយកបង្កាន់ដៃ មានលេខយោងទៅកាន់ ភ្នាក់ងារវីងណាមួយ និងធ្វើការទូទាត់ បានផងដែរ។
ដូចគ្នានេះពួកគេអាចជ្រើសរើស វីង ជាជម្រើសបង់ប្រាក់នៅលើគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់ ឃេស ក៏ដូចជាគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់ការិយាល័យច្រកចេញចូលតែមួយ។
ការិយាល័យច្រកចេញចូលតែមួយផ្តល់សេវាទៅលើវិស័យចំនួន១៤ ស្មើនឹង៣១១សេវា សម្រាប់ថ្នាក់ក្រោមជាតិ ទាំនៅទីក្រុង និងតាមខេត្តនានារួមមាន៖
១៖ វិស័យសុខាភិបាល
២៖ វិស័យទេសចរណ៍
៣៖ វិស័យសាធារណការ និងដឹកជញ្ជូន
៤៖ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
៥៖ វិស័យព័ត៌មាន
៦៖ វិស័យបរិស្ថាន
៧៖ វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៨៖ វិស័យរ៉ែ និងថាមពល
៩៖ វិស័យពាណិជ្ជកម្ម
១០៖ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
១១៖ វិស័យកសិកម្ម ព្រៃឈើ និងនេសាទ
១២៖ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
១៣៖ ការងាររដ្ឋបាល
១៤៖ ការងារផ្នែកច្បាប់។
ទាំងធនាគារ វីង និង គ្រឹះស្ថាន ឃេស អ៊ិននើវេសិន មានគោលដៅរួមមួយ គឺប្រើប្រាស់ជំនាញទូទាត់ឌីជីថលរបស់ខ្លួន ដើម្បីកែលម្អជីវភាពប្រចាំថ្ងៃរបស់សហគមន៍ និងគាំទ្ររាជរដ្ឋាភិបាលយ៉ាងពេញលេញក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលនៅប្រទេសកម្ពុជា៕