(អាំស្ទើដាំ)៖ លោក Ronald Koeman នឹងវិលត្រឡប់ទៅធ្វើជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិហូឡង់វិញ នៅពេលដែលលោក Louis van Gaal លាលែងពីតំណែង បន្ទាប់ពីចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅប្រទេសកាតា។ នេះបើតាមសារព័ត៌មាន De Telegraaf របស់ហូឡង់ ចេញផ្សាយនាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២។

លោក Van Gaal បានបញ្ជាក់ហើយថា លោកនឹងចាកចេញពីតួនាទី បន្ទាប់ពីការប្រកួតបាល់ទាត់លំដាប់ពិភពលោកនាចុងឆ្នាំនេះ ហើយបានលើកឡើងកាលពីសប្តាហ៍មុនថា លោកនឹងទទួលការព្យាបាលជំងឺមហារីកប្រូស្តាត កម្រិតធ្ងន់របស់លោកផងដែរ។

លោក Koeman បានទទួលជោគជ័យក្នុងការដឹកនាំក្រុមជម្រើសជាតិទឹកក្រូចហូឡង់រយៈពេល ២ឆ្នាំកន្លះមុនពេលចាកចេញទៅចូលរួមជាមួយក្លិប FC Barcelona ក្នុងឆ្នាំ២០២០។

លោក Koeman បានជួយហូឡង់ ឡើងដល់ជុំផ្តាច់ព្រ័ត្រ Euro 2020 បន្ទាប់ពីពួកគេបានខកខានការប្រកួតកាលពីឆ្នាំកន្លងទៅ និងព្រឹត្តិការណ៍ 2018 World Cup ព្រមទាំងឈានដល់វគ្គផ្តាច់ព្រ័ត្រលីគ Nations League នៅពេលដែលពួកគេបានចាញ់ ១-០ ក្រោមថ្វីជើងក្រុមព័រទុយហ្គាល់។

លោក Koeman ត្រូវបានដកចេញពីតំណែង ដោយក្លិបអេស្ប៉ាញ Barcelona កាលពីខែតុលាឆ្នាំមុន ក្រោយដឹកនាំធ្វើពុំបានល្អ៕