(បរទេស)៖ រដ្ឋាភិបាលប្រទេសឥណ្ឌា បាននិយាយថា ខ្លួនបានបិទ YouTube Channel ចំនួន ២២ ដែលក្នុងនោះមាន Channel ចំនួន ៤ មានប្រភពដើមមកពីប្រទេសប៉ាគីស្ថាន ហើយមូលហេតុនៃការបិទនេះគឺមិនមានព័ត៌មានមិនលម្អិតទេ គ្រាន់តែបញ្ជាក់ថា ជាក់ទាក់ទងនឹងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ហើយវាក៏ជាការបង្រ្កាបចុងក្រោយបំផុត ទៅលើ ប្រព័ន្ធអនឡាញនៅក្នុងប្រទេសឥណ្ឌា។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា YouTube Channel ដែលត្រូវបានបិទនេះគឺសុទ្ធតែជា Channel ព័ត៌មាន។ សកម្មភាពនេះកាលពីដើមឡើយត្រូវបានរដ្ឋាភិបាលឥណ្ឌាបង្កើតច្បាប់ ថ្មីមួយដែលត្រូវបានគេស្គាល់ថា ជាច្បាប់ IT ក្នុងគោលបំណងផ្ដោតសំខាន់លើ Channel ដែលមានប្រភពដើមមកពីប្រទេស ប៉ាគីស្ថាន ប៉ុន្តែថ្មីៗនេះ ក៏មាន Channel ព័ត៌មានដែលស្ថិតនៅក្នុងប្រទេសឥណ្ឌាផ្ទាល់ត្រូវបានបិទផងដែរ។

យោងតាមការបញ្ជាក់ពីក្រសួងព័ត៌មាន និងផ្សព្វផ្សាយរបស់ឥណ្ឌាបានឱ្យដឹងថា YouTube Channel ដែលត្រូវបានបិទ នោះ មានអ្នកទស្សនាសរុបចំនួនរហូតដល់ ២,៦ពាន់លានដង ខណ:ដែលក្រសួងមហាផ្ទៃឥណ្ឌាបានបញ្ជាក់ថា Channel ទាំង នោះ បានផ្សាយនូវព័ត៌មានក្លែងក្លាយ ឬព័ត៌មានកុហក ដែលបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាព ប្រទេសជាតិ។

គួរបញ្ជាក់ផងដែរថា កាលពីខែធ្នូកន្លងទៅនេះ រដ្ឋាភិបាលឥណ្ឌាក៏បានបិទ YouTube Channel, Facebook Page និងគណនី Twitter ជាច្រើនផងដែរ ដោយសារបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៕