(បរទេស)៖ ដើម្បីគេចចេញពីទណ្ឌកម្មរបស់លោកខាងលិចលើផ្នែកហិរញ្ញវត្ថុថ្មីៗនេះ រុស្ស៊ីកំពុងតែងាកទៅរកជំនួយពីប្រទេសចិនក្នុងការផលិតមីក្រូឈីប ដើម្បីជំរុញឱ្យតម្រូវការកាតធនាគាររបស់ពួកគេមានដំណើរការឡើងវិញ ដែលមានភ្ជាប់ទៅនឹងប្រព័ន្ធទូទាត់ប្រាក់ Mir Card។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។

ទណ្ឌកម្មរបស់លោកខាងលិចដាក់ទៅលើរុស្ស៊ីជុំវិញការឈ្លានពានទឹកដីអ៊ុយក្រែន ដោយបានកាត់ផ្តាច់ទីក្រុងមូស្គូចេញពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ដោយក្នុងនោះមានទំហំទឹកប្រាក់ប្រមាណពាក់កណ្តាលនៃ ៦៤០ពាន់លានដុល្លារអាមេរិកដែរបានកាត់ចេញ រួមទាំងមានរូបិយប័ណ្ឌបរទេសក្នុងនោះផងដែរ។

លោក Oleg Tishakov ជាសមាជិកក្រុមប្រឹក្សាភិបាលនៃ NSPK បានបង្ហាញថា ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងកង្វះខាតមីក្រូឈីប ដោយសារក្រុមហ៊ុនផលិតនៅអាស៊ីបានផ្អាកការផលិតចំពេលជំងឺរាតត្បាត ចំណែកឯអ្នកផ្គត់ផ្គង់ខាងអឺរ៉ុបវិញបានបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយពួកគេ បន្ទាប់ពីការដាក់ទណ្ឌកម្ម។

ដូច្នេះហើយបានជារុស្ស៊ីរត់ទៅរកជំនួយពីប្រទេសចិន ព្រោះសូម្បីតែធនាគារធំៗរបស់ខ្លួនក៏គ្មានសិទ្ធចូលទៅប្រើប្រព័ន្ធផ្ញើសារធនាគារពិភពលោក SWIFT ទៀតដែរ ហើយប្រព័ន្ធ ទូទាត់អន្តរជាតិ Visa និង MasterCard ក៏បានឈប់បម្រើគណនីរុស្ស៊ីនៅបរទេសផងដែរ។

ខណៈដែលឥលូវនេះរុស្ស៊ីអាចដំណើរការប្រព័ន្ធទូទាត់ Mir Card របស់ខ្លួនបានឡើងវិញម្តងទៀតជាមួយនឹងការ សហការម៉ាកយីហោ (co-brand) ជាមួយ UnionPay របស់ប្រទេសចិន ដែលជាប្រព័ន្ធទូទាត់ជំនួស Visa និង MasterCard សម្រាប់ការជនជាតិរុស្ស៊ីក្នុងការបញ្ជាទិញនៅបរទេស៕