(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធកំពុងឡើងជើង Karim Benzema រកបាន ៣គ្រាប់ (ហែតទ្រីក) ជាលើកទី២ ក្នុងវគ្គចាញ់-ធ្លាក់នៃពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលនេះនៅពេល Real Madrid បានយកឈ្នះម្ចាស់ផ្ទះ តោខៀវ Chelsea ៣ទល់នឹង១ សម្រាប់ជើងទី១ វគ្គ ៨ក្រុមចុងក្រោយនារាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

នេះជាលទ្ធផលដូចគ្នាទៅនឹង Real បានយកឈ្នះ Paris Saint-Germain នៅទឹកដី Santiago Bernabeu នាខែមុនដែរពីក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃ UCL ដ្បិតកីឡាករបារាំង Benzema ក៏រកបាន ៣គ្រាប់ផងដែរ។

យ៉ាងណា អ្នកចាត់ការទូទៅក្រុមអធិរាជស Real Madrid លោក Carlo Ancelotti ក៏បានទទួលជ័យជម្នះយ៉ាងគាប់ប្រសើរក្នុងការវិលត្រឡប់មកកាន់ទឹកដី Stamford Bridge វិញ ជាទីដែលលោកធ្លាប់ចំណាយពេលដឹកនាំតោខៀវ Chelsea ២រដូវកាលផងនោះ និងជាជ័យជម្នះលើកដំបូងសម្រាប់ Real Madrid នៅទីនេះដែរ ពីការជួបគ្នាលើកទី៥ មកនេះ ក្រោយពេលរដូវកាលមុនធ្លាប់ចាញ់ ២ទល់នឹង០ ក្នុងវគ្គ ៤ក្រុមចុងក្រោយ។

ខ្សែប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់ Kai Havertz ជាអ្នកតែតបញ្ចូលទីបានតែ ១គ្រាប់ឲ្យម្ចាស់ផ្ទះ Chelsea នៅពេលដែលកីឡាករចាំទី Edouard Mendy ធ្វើពុំបានល្អឡើយក្នុងការរបូតគ្រាប់បាល់ច្រើនគ្រាប់ជាលើកទី២ បន្ទាប់ពីចាញ់ Brentford ៤-១ ផងដែរក្នុងលីគនាសប្តាហ៍មុន។

Chelsea នឹងត្រូវជម្រះបញ្ជីសម្រាប់ជើងទី២ នៅទឹកដីអេស្ប៉ាញនាសប្តាហ៍ក្រោយទល់នឹង Real Madrid ជាទីដែលពួកគេបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ កាលជើងទី១ នារដូវកាលមុន និងត្រូវរកឲ្យបាន ២គ្រាប់ផងដែរ ដើម្បីមានសិទ្ធិតថ្លៃទៀតក្នុងការប្រជែងកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕